អឺរ៉ុប៖រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានជួបគ្នាលើកដំបូងកាលពីម្សិលមិញ បន្ទាប់ពីមានហេតុការណ៍បាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី ។ នេះបើយោងតាមព័ត៌មាន Xinhua។
ជំនួបនេះធ្វើឡើងនៅក្រៅដាច់ដោយឡែក ខណៈភាគីទាំងពីរបានចូលរួមក្នុងកិច្ចប្រជុំលើកទី២២ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការដើម្បីសន្តិសុខ និងសហប្រតិបត្តិការ នៅក្នុងតំបន់អឺរ៉ុប ហើយមិនមានរបាយការណ៍ណាមួយ ត្រូវបានផ្តល់ឲ្យនោះទេ បន្ទាប់ពីកិច្ចប្រជុំចង្អៀតនេះបានបញ្ចប់។
ទំនាក់ទំនងការទូតរវាងរុស្ស៊ី និងតួកគី ថ្មីៗនេះបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីយន្តហោះចម្បាំង ប្រភេទ Su-24 មួយគ្រឿងរបស់រុស្ស៊ី ត្រូវបានបាញ់ទម្លាក់នៅជិតព្រំដែនតួកគី-ស៊ីរី ដោយកងកម្លាំងទ័ពអាកាសរបស់តួកគី កាលពីថ្ងៃទី២៤ វិច្ឆិកា ហើយជាការឆ្លើយតបនឹងសកម្មភាពបង្កហេតុរបស់តួកគី រុស្ស៊ីបានផ្អាកការទំនាក់ទំនងយោធា ជាមួយនឹងតួកគី ហើយបានដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចលើតួកគីផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ ប្រធានាធិបតីរុស្ស៊ី លោក Putin បានព្រមានតួកគីថា នឹងសោកស្តាយខ្លាំង ចំពោះការបាញ់ទម្លាក់យន្តហោះចម្បាំងនេះ ហើយបានព្រមានថា នឹងគ្រោងដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងរដ្ឋាភិបាលតួកគី៕