លោក ហោ ណាំហុង​៖​កម្ពុជា​នៅតែ​ឈានទៅ​មុខ​ ទោះ​ជាមាន​ជំនួយ ឬ​អត់​ជំនួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2015 ក+ ក-

​ភ្នំពេញ​: ប្រមុខ​ការទូត​កម្ពុជា​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ នេះ បាន​ប្រាប់​ក្រុមអ្នកកាសែត បន្ទាប់ពី​ចប់​កម្មវិធី​សំណេះសំណាល​ជាមួយ​កុមារ​ពិការភ្នែក និង​គ ថ្លង់ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ទាក់ទិន​នឹង​ការលើកឡើង​របស់​សភា​អាមេរិក និង​សភា​អឺរ៉ុប ថា នោះ​ជា​សិទ្ធិ​របស់គេ រីឯ​កម្ពុជា​ធ្វី​អ្វី​ជា​សិទ្ធិ​របស់​កម្ពុជា​។​

​លោក ហោ ណាំហុង បាន​ថ្លែង​បញ្ជាក់ថា សិទ្ធិ​របស់​កម្ពុជា​គឺ​ស្របតាម​រដ្ឋធម្មនុញ្ញ ជា​ច្បាប់កំពូល​របស់​ប្រទេស ស្របតាម​ច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋសភា ដែល​ចុះហត្ថលេខា​ដោយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ដូច្នេះ​អ្នកណា​និយាយ​អី ធ្វើ​អ្វី ជា​សិទ្ធិ​របស់គេ ឯ​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ និង​ជា​សមាជ​ករ​បស់​អង្គការសហប្រជាជាតិ កម្ពុជា​ត្រូវតែ​ដំណើរការ​អ្វី​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាតិ​របស់​កម្ពុជា តាម​នីតិរដ្ឋ ដែល​ទាំងអស់គ្នា​អ្នកណា​ក៏​ចង់​ឲ្យ​កម្ពុជា​កសាង​និង​ពង្រឹង​នីតិរដ្ឋ​។​

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់ថា “​សភា​អឺរ៉ុប​ក៏ដោយ សភា​អាមេរិក​ក៏ដោយ​ធ្វើ​អ្វី​ជា​សិទ្ធិ​របស់គេ តែ​ទោះជា​យ៉ាងណាក្តី​ខ្ញុំ​យល់ថា ខ្ញុំ​ជឿថា ប្រទេសជាតិ​យើង​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​កាន់តែ​ឈាន​ទៅមុខ​ក្នុង​ការកសាង​ប្រទេសជាតិ​យើង ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ទោះ​ជាមាន​ជំនួយ ឬក៏​អត់​ជំនួយ ប្រទេស​យើង​នៅតែ​ទៅមុខ សូម​ប្រជាជន​យើង​ទាំងអស់​ជឿថា កម្ពុជា​ពីថ្ងៃ​នេះ​ទៅ តែងតែ​ទៅមុខ​អត់​មាន​ថយក្រោយ ពីមួយ​ខែ​ទៅ​មួយខែ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​”​។​

​ប្រមុខ​ការទូត​កម្ពុជា បាន​បញ្ជាក់ថា “​អំពី​ការផ្តាច់​ជំនួយ​របស់​ស​ហ​ភាព​អឹ​រ៉ុ​ប នេះ​គ្រាន់តែ​ជា​ញត្តិ​របស់​សភា​អឹ​រ៉ុ​ប ប៉ុន្តែ​សហភាព​អឹ​រ៉ុ​ប​មិនទាន់​រក​ការសម្រេច​ណាមួយ​ទេ ខ្ញុំ​បញ្ជាក់​ម្តងទៀត ទោះ​ជាមាន​ជំនួយ អត់​ជំនួយ កម្ពុជា​ទៅមុខ​ជានិច្ច​”៕

rdes