អាល្លឺម៉ង់៖យោងតាមកាសែតរបស់អាល្លឺម៉ង់បានចេញផ្សាយកាលពីម្សិលមិញថា លោកឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានអំពាវនាវដល់អារ៉ាប៊ី សាអូឌីត ឲ្យបញ្ឈប់ការផ្តល់ថវិកាដល់វិហារអ៊ីស្លាមនៅបរទេស ដែលកំពុងចិញ្ចឹមបង្កើតក្រុមអ៊ីស្លាមជ្រុលនិយមតទៅទៀត។
លោកឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Sigmar Gabriel បានជំរុញឲ្យអារ៉ាប៊ីសាអូឌីតត្រូវតែឈប់ការផ្តល់លុយទៅឲ្យវិហារអ៊ីស្លាមជ្រុលនិយមនៅបរទេស។ លោករដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ចង់និយាយសំដៅដល់វិហាររបស់ក្រុមអ៊ីស្លាមវ៉ាហាប៊ី នៅបរទេសដែលបានទទួលជំនួយហិរញ្ញវត្ថុសន្ធឹកសន្ធាប់ពីទីក្រុង រីយ៉ាដ។
តាមឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ នៅប្រទេសអាល្លឺម៉ង់ ក្រុមអ៊ីស្លាមដែលអាជ្ញាធរចាត់ទុកថា គ្រោះថ្នាក់ភាគច្រើនគឺមានប្រភពចេញមកពីសហគមន៍អ៊ីស្លាមវ៉ាហាប៊ី នេះ។ លោកSigmar Gabriel មុននឹងអំពាវនាវដល់រដ្ឋាភិបាលឲ្យចាត់វិធានការបន្ទាន់ ដើម្បី ប្រឆាំង នឹងក្រុមវិហារដែលមានចំណងទាក់ទងនឹងក្រុមសាឡាហ្វីស អ៊ីស្លាមជ្រុលនិយម ក្នុងទឹកដីអាល្លឺម៉ង់។
សារព្រមានរបស់ឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ ទៅលើអារ៉ាប៊ី សាអូឌីត នេះធ្វើឡើង បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៅបរទេសរបស់អាល្លឺម៉ង់ បានចេញរបាយការណ៍មួយ ដោយចោទប្រកាន់ទីក្រុងរីយ៉ាដថា បានជះលុយ ជំរុញ នយោបាយការបរទេស ដើម្បីបង្កអស្ថិរភាពក្នុងតំបន់។ តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់បន្តថា ព្រះរាជបុត្រស្នងរាជ្យ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អារ៉ាប៊ី សាអូឌីត និងបិតារបស់ព្រះអង្គ គឺព្រះចៅ សាល់ម៉ាន បានដើរនយោបាយបង្កើនអំណាចយោធា និងចងសម្ព័ន្ធ ក្នុងតំបន់ ក្នុងគោលដៅ ចង់ក្លាយជាមេដឹកនាំពិភពអារ៉ាប់ទាំងមូល។ កន្លងមក អ្នកជំនាញខ្លះធ្លាប់បានលើកឡើងថា ក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាមកើតឡើងដោយសារជំនួយ ឧបត្ថម្ភរបស់អារ៉ាប៊ី សាអូឌីតដែលប៉ុនប៉ងចង់ឲ្យសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ។ ដើម្បីប្រជែងជាមួយអ៊ីរ៉ង់ អារ៉ាប៊ី សាអូឌីតកំពុងគាំទ្រក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី និងទម្លាក់គ្រាប់បែកលើក្រុមឧទ្ទាម នៅក្នុងប្រទេសយេម៉ែនផងដែរ៕