ប្រជាពលរដ្ឋនៅឃុំព្រៃទន្លេស្រុកបន្ទាយមាសដែលមានភូមិសាស្ត្រជាប់ព្រំដែនប្រទេសវៀតណាមកំពុងមានការព្រួយបារម្ភជាខ្លាំងដោយសារតែប្រឡាយទឹកនៅឃុំព្រៃទន្លេ នេះរីងទឹកសាបអស់បែរជាទឹកប្រៃចូលវិញម្ដងធ្វើឲ្យអ្នកភូមិមានកង្វល់ពីការខ្វះទឹកសាបស្រោចស្រពដំដាំស្រូវប្រាំងរាប់រយហិកតាដែលជិតបានប្រមូលផល។
អ្នកភូមិ បាននិយាយប្រាប់ឲុ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះថាប្រជាពលរដ្ឋនៅឃុំព្រៃទន្លេភាគច្រើនបានពឹងផ្អែកទៅលើប្រឡាយធំនេះ ដើម្បីយកទឹកមកស្រោចស្រពស្រែ។តែឥឡូវរីងអស់ហើយថែមទាំងហូរទឹកប្រៃចូលទៀតយកទៅស្រោចផលដំណាំអ្វីមិនបានទេ។គ្រាន់តែទឹកប្រៃចូលមកដល់ដើមកំប្លោកក្នុងប្រឡាយងាប់វាលអស់ហើយ។ប្រជាពលរដ្ឋបាននិយាយបន្តថាឥឡូវនេះពលរដ្ឋធ្វើស្រូវប្រាំងទាំងអស់បានបូមទឹកប្រហែលជិត១គីឡូម៉ែត្រយកមកដាក់ស្រូវដើម្បីកុំខាតបង់។ប្រជាពលរដ្ឋសំណូមពរឲ្យខាងធនធានទឹករួសរាន់ជួយអន្តរាគមន៍ផង និងជួយប្រមូលកំប្លោកចេញពីក្នុងប្រឡាយផងព្រោះរាក់អស់ហើយ។
នៅព្រឹកថ្ងៃដដែលនេះដែរ អ្នកយកព័ត៌មានយើងបានព្យាយាមទូរស័ព្ទរកមន្ត្រីធនធានទឹកដើម្បីសុំការពន្យល់ដែរតែមិនអាចទំនាក់ទំនងគ្នាបាន៕


