ក្រុង​ប៉េកាំង​ប្រកាសអាសន្ន​ពី​កម្រិត​ផ្សែង​ពុល​នៅក្នុង​បរិយាកាស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2015 ក+ ក-

ប៉េកាំង​៖​រដ្ឋាភិបាល​ចិន​កាលពី​ម្សិលមិញ​បានប្រកាស​អាសន្ន​ពី​អត្រា​ផ្សែង​ពុល​មាន​កម្រិត​ខ្ពស់​ក្នុង​បរិយាកាស​នៅក្នុង​ទីក្រុង​ប៉េកាំង​។ នេះ​ជា​លើក​ទី​១​ដែល​ចិន​បានប្រកាស​សារភាព​ជា​ផ្លូវការ​ពី​គុណភាព​ខ្យល់ ក្នុង​បរិយាកាស​ដ៏​អាក្រក់​ពោរពេញ​ដោយ​ជាតិពុល​។ ដើម្បី​កាត់បន្ថយ​អត្រា​ផ្សែង​ពុល​នៅក្នុង​បរិយាកាស ចៅហ្វាយក្រុង​ប៉េកាំង​បាន​ផ្តើម​ចាត់វិធានការ​ពិសេស​មួយចំនួន​ចាប់ពី ថ្ងៃ​អង្គារ ទី​៨ ធ្នូ​សម្រាប់​អ្នករស់នៅ​ក្នុង​ទីក្រុង​ប៉េកាំង​។​
​យោងតាម​ការប្រកាសរ​បស់​ការិយាល័យ​គាំពារ​បរិស្ថាន​ក្នុង​ក្រុង​ប៉េកាំង​បាន​ឲ្យ​ដឹងថា វិធានការ ពិសេស​ដើម្បី​ទប់ស្កាត់​កំណើន​អត្រា​ផ្សែង​ពុល​នៅក្នុង​បរិយាកាស​ត្រូវ ធ្វើឡើង​សម្រាប់តែ​ពលរដ្ឋ​ចិន​រស់នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រមាណ​ជា​២០​លាន​នាក់​ប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​អង្គារ ទី​៨ ធ្នូ​នេះ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​១០​ធ្នូ​។ វិធានការ​ពិសេស​ទាំងនោះ​រួមមាន ចរាចរណ៍​រថយន្ត​ក្នុង​ទីក្រុង​ប៉េកាំង​នឹងត្រូវ​ឆ្លាស់គ្នា​រវាង​លេខ​គូ និង​លេខ​សេស មាន​ទាំង​រថយន្ត​ឯកជន និង​រថយន្ត​រដ្ឋ គឺ​លើកលែងតែ​រថយន្ត​ដើរ​ដោយ​អាគុយ​ផង និង​សាំង​ផង ឬ​ដើរ​ដោយ​តែ​អាគុយ​មួយ​មុខ​ចេញ​។​
​គួរ​បញ្ជាក់ថា រយៈពេល​ចុងក្រោយ​នេះ កម្រិត​អត្រា​ផ្សែង​ពុល​ក្នុង​បរិយាកាស​នៅក្នុង​ទីក្រុង​ធំៗ​របស់​ចិន​មួយ បាន​ក្លាយជា​ក្តីបារម្ភ ។​ទន្ទឹម​នោះ​ចិន​បានប្រកាស​ឲ្យ​ដឹង​ពី​ឆន្ទៈ​ក្នុងការ​កាត់បន្ថយ​ការចាក់ចោល ឧស្ម័ន​ពុល​ក្នុង​បរិយាកាស​ឲ្យ​បាន ៦០% ចាប់ពីពេលនេះ​ដល់​ឆ្នាំ ២០២០៕

2015-12-07T045439Z_114230290_GF10000257198_RTRMADP_3_CHINA-ENVIRONMENT_0