បាល់ទាត់៖អតីតខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី គឺកីឡាករ Luca Toni បានអះអាងថា គាត់អាចនឹងព្យួរស្បែកជើងដើម្បីបញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅ ចុងរដូវកាលនេះ។
ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី វ័យ៣៨ឆ្នាំរូបនេះធ្លាប់បានកាន់ពានរង្វាន់ជាច្រើន អំឡុងពេលដែលគាត់លេងក្នុងក្លិបធំៗនៅតំបន់អឺរ៉ុបដូចជា Bayern Munich, Juventus, Roma និង Fiorentina ប៉ុន្តែបច្ចុប្បន្នគាត់កំពុងតែមានវត្តមានលេងនៅក្នុងក្លិប Verona ។
បើទោះជា មានវ័យកាន់តែចាស់យ៉ាងណាក៏ដោយកីឡាករ Luca Toni នៅតែបង្ហាញទម្រង់លេងបានយ៉ាងល្អដោយបានស៊ុតបាល់បញ្ចូលទីចំនួន ២២គ្រាប់ឲ្យក្លិប Verona ហើយគាត់ក៏ជាកីឡាករដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេលំដាប់លេខរៀង ទី២ក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A នៅរដូវកាលមុនផងដែរ ។
កីឡាករ Luca Toni ប្រាប់គេហទំព័រ Sky Italia ថា ពេលវេលាដែលគាត់នឹងត្រូវចូលនិវត្តពីអាជីពជាកីឡាករបាល់ទាត់បានមក ដល់ហើយ ហើយគាត់សង្ឃឹមថា គាត់នឹងព្យួរស្បែកជើងនៅក្នុងក្លិប Verona តែម្ដង។
គួរបញ្ជាក់ថា កីឡាករ Luca Toni ផ្លាស់មកកាន់ក្លិប Verona ពីក្លិប Fiorentina នៅឆ្នាំ២០១៣ ដោយមិនមានតម្លៃខ្លួននោះទេ ហើយបច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះក៏កំពុងតែមានការចង់បានពីក្លិប Empoli, Brescia, Palermon និង Genoa៕