កំពុងចាម៖ មេក្លោងចាប់ជំរិតម្នាក់ដែលបានរត់គេចខ្លួន អស់រយៈពេល៣ថ្ងៃ មកហើយត្រូវបានកំលាំងអធិកាដ្ឋាននគរបាលស្រុកព្រៃឈរ ខេត្តកំពុងចាមធ្វើការស្រាវជ្រាវបង្ក្រាប ចាប់ខ្លួនបានកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ និងបញ្ជូនទៅអោយជំនាញស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ជាម្ចាស់ករណីចាត់ការបន្ទ។
លោក វេរសេនីយឯក ហេង វុទ្ធី ស្នងការរង និងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្តកំពុងចាមបានអោយដឹងថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ មានករណីចាប់ជំរិកុមារីម្នាក់ ឈ្មោះឡូញ លីហ្សា អាយុ ៩ឆ្នាំ ចេញពីភូមិទួលត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពុងចាម ដោយយកម៉ូតូ ១គ្រៀនរបស់ឪពុក កុមារីរងគ្រោះនៅជាមួយ។
នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ០២១៥ កំលាំងជំនាញស្នងការនគរបាលខេត្តកំពុងចាម បានស្រាវជ្រាវ ស្ទាក់ចាប់មុខសញ្ញាចាប់ជំរិត ម្នាក់ឈ្មោះ វ៉ន សារី មានអាយុ ២៤ឆ្នាំ មានទីលំនៅភូមិកំពុងស្ពឺលើ ឃុំកំពុងរាប ស្រុកកោះសូទិន ខេត្តកំពុងចាម និងបានដោះចំណាប់ខ្មាំង ឈ្មោះ ឡូញ លីហ្សា ព្រមទាំងម៉ូតូ C125 ប្រគល់ជូនអាណាព្យាបាលរបស់ជនរងគ្រោះវិញ។
លោក ឧត្តមសេនីយ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តកំពុងចាម បានមានប្រាសាសន៍ថា បន្ទាប់ពីចាប់មុខសញ្ញាចាប់ជំរិតមា្នក់នេះរួច សមត្ថកិច្ចមិនព្រងើយកន្តើយឡើយ គឺនៅតែបន្តធ្វើការស្រាវជ្រាវយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ដើម្បីតាមប្រមាញ់មេក្លោងចាប់ជំរិតម្នាក់ទៀតដែលកំពុងលាក់ខ្លួន។
លោកស្នងការបានបញ្ជាក់ទៀតថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១០ៈ៤០នាទី សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំត្រពាំងព្រះ បានស្រាវជ្រាវចាប់មេក្លោងចាប់ជំរិតមា្នក់ទៀត ឈ្មោះ សាន មឿន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពុងសៀម ខេត្តកំពុងចាម ដែលបានលាក់ខ្លួននៅរោងជាងក្រឡឹង មួយកន្លែងស្ថិតនៅភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពុងចាម។
មុខសញ្ញាចាប់ជំរិតខាងលើ ត្រូវបានប្រគល់ជូនជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជាម្ចាស់ករណី(កន្លែងកើតហេតុ) ចាត់ការបន្ត។
លោកស្នងការ ប៉ែន រ័ត្ន បានកោតសរសើរដល់កំលាំងនគរបាលរបស់លោក ដែខិតខំបំពេញភារៈកិច្ច ស្វែងរកចាប់ខ្លួនជនល្មើស ណិងខំដោះចំណាប់ខ្មាំងបានដោយសុវត្ថិភាព និងទាន់ពេលវេលា៕ ដោយ ៖ សុភ័ណ្ឌ