អ៊ីរ៉ាក់៖នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider Abadi បានចោទប្រកាន់ប្រទេសតួកគីថា ជាមជ្ឈមណ្ឌលជួញដូរប្រេងខុសច្បាប់ទ្រង់ទ្រាយធំមួយរបស់ពួកឧទ្ទាម ISIS ។ ការចោទប្រកាន់បែបនេះធ្វើឡើងបន្ទាប់ពីយោធាតួកគីបានបំពានយ៉ាងធ្ងន់ធ្ងរទៅលើដែនអធិបតេយ្យភាពអ៊ីរ៉ាក់។ នេះបើយោងតាម សារព័ត៌មាន RT។
ក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier នាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ ពីសារៈសំខាន់នៃការបញ្ឈប់ការជួញដូរប្រេងខុសច្បាប់ក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់ពួកជីហាតក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី។ មិនតែប៉ុណ្ណោះ លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយប្រទេសអ៉ីរ៉ាក់ ដើម្បីប្រឆាំងនឹងពួកឧទ្ទាម ISIS
គួរបញ្ជាក់ថា តាមរបាយការណ៍ស៊ើបអង្កេតរបស់រុស្ស៊ីបានបង្ហាញថា ប្រាក់ចំណូលរបស់ពួកឧទ្ទាម ISIS ជាង៤៣ភាគរយ បានមកពីជំនួញប្រេងខុសច្បាប់ ហើយការជួញដូរប្រេងខុសច្បាប់របស់ពួកឧទ្ទាម ភាគច្រើនធ្វើឡើងនៅក្នុងប្រទេសតួកគី៕