ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធមាន គ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពបាញ់សម្លាប់ ប្លន់យកម៉ូតូមួយគ្រឿងយ៉ាងសាហាវ បណ្តាលឲ្យជន រងគ្រោះស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ១និង០៥នាទី រំលងអាធ្រាតឈានចូល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្តោយ ផ្លូវលេខ ២៧៥ កែងផ្លូវលេខ ៥២៨ ភូមិទំបនទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក ទល់មុខការដ្ឋានធ្វើរថយន្ត អេ ភី អេស ។
យោងតាមប្រភពព័ត៌មានពីយុវជនម្នាក់ត្រូវជាមិត្រភ័ក្តិរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុពួកគេបានជិះម៉ូតូពីរគ្រឿង ចេញពីក្លិប អារីណា នៅម្តុំកាំកូសិតធី ដោយជិះធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥២៨ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ កន្លែងស្ងាត់ ក៏ស្រាប់តែមានជនសង្ស័យ៦នាក់ជិះម៉ូតូ៣គ្រឿងទីមួយម៉ាកនិច ទី២ម៉ាក ឡែត ទី៣ម៉ាកស្មាស់ មិនចាំស្លាកលេខបានជិះមកកៀរពួកគេ (ជនរងគ្រោះ) ឲ្យឈប់ម៉ូតូ តែពេលនោះពួកគេ មិនព្រមឈប់ម៉ូតូឡើយ ក៏ជនសង្ស័យនោះដកកាំភ្លើង បាញ់សំដៅមករកពួកគេមួយគ្រាប់ តែមិនត្រូវ ។ ភ្លាមៗនោះពួកគេ(ជនរងគ្រោះ)ក៏ជិះចែកផ្លូវគ្នា ដើម្បីរកកន្លែងមានសុវត្ថិភាព ដោយមានការភ័យខ្លាចពេកក៏ ធ្វើអោយមិត្តភក្តិរបស់គេដែលជិះម៉ូតូម៉ាក ហុងដាឌ្រឹមសេ ១២៥ ស៊េរី២០០៦ ឡើងស៊េរី ២០១៣ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពត 1A-6665 ជិះឌុបគ្នាបីនាក់នោះ ទៅរអិលដួលនៅមុខការដ្ឋានធ្វើរថយន្ត អេ ភី អេស ស្របពេលជនសង្ស័យជិះមកពីក្រោយក៏ បាញ់ប្រហារមួយគ្រាប់ទៀត បណ្តាលអោយចំជនរងគ្រោះដែលជាអ្នកបើកម៉ូតូឈ្មោះ ផាន់ ណាឌុប អាយុ ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅម្តុំអង់តែន ទួលគោក ត្រូវមួយគ្រាប់ក្រោមដោះ ធ្លោយពីម្ខាងទៅម្ខាងរងរបួសធ្ងន់ តែដោយស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេកក៏ស្លាប់បាត់បង ជីវិត ពេលគេដឹកយកមកសង្គ្រោះដល់មន្ទីរ ពេទ្យកាល់ម៉ែត។
ទោះជាយ៉ាងណាក្រុមចោរប្លន់ធ្វើសកម្មភាពបានសម្រេចដោយយកម៉ូតូជនរងគ្រោះទៅបាត់ដោយសុវត្ថិភាព គ្មានខ្លាចរអាសមត្ថកិច្ចសូម្បីតែបន្តិច ។ ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់ សាកសពឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណី ។
អំពើចោរកម្មប្លន់ប្រដាប់អាវុធ ចោរឆក់តាមដងផ្លូវ ចោរគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ ចោរកាច់សោ.កម៉ូតូ និងចោរលួចស្លាកលេខរថយន្តជាដើម កំពុងកើតឡើងយ៉ាងពេញបន្ទុកក្នុងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចនគរបាលនិងសមត្ថកិច្ចកងរាជអាវុធហត្ថបង្ក្រាបមិនចេះអស់នោះទេ។ អំពើចោរកម្មគ្រប់រូបភាពកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ហេតុនេះហើយទើបនៅពេលចាប់បានចោរឆក់ចោរលួចម្ដងៗប្រជាពលរដ្ឋប្រើអំពើហិង្សាទៅលើក្រុមចោរទាំងនោះយ៉ាងចាស់ដៃ។
ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកំពុងតែអស់ជំនឿលើមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងការពង្រឹងសន្តិសុខសង្គម ព្រោះបទល្មើសលួចឆក់ប្លន់កើតឡើងទាំងយប់ទាំងថ្ងៃ៕ដោយ ៖រដ្ឋា