រុស្ស៊ី៖ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើការព្រមានថា ប្រព័ន្ធមីស៊ីលក្រោមសមុទ្រដែលប្រតិបត្តិការដោយនាវាមុជទឹកធ្វើ សង្គ្រាមជាមួយក្រុមជ្រុលនិយម ISIS នៅប្រទេសស៊ីរី អាចនឹងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ ការព្រមានបែបនេះធ្វើឡើងបន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារទៅលើក្រុមឧទ្ទាមស៊ីរី ដោយមីស៊ីលពីនាវាមុជទឹកជាលើកដំបូង អមដោយការទម្លាក់គ្រាប់បែកពីលើអាកាស។
លោក ពូទីន បានអះអាងថា កងទ័ពរបស់លោកបានវាយប្រហារលើគោលដៅ៣០០ ផ្សេងគ្នាក្នុងរយៈពេល ៣ថ្ងៃចុងក្រោយ និងជួយឲ្យកងកម្លាំងពិសេសរបស់ប្រទេសស៊ីរីរកឃើញប្រអប់ខ្មៅនៃ យន្តហោះចម្បាំងរុស្ស៊ី ដែលត្រូវបាញ់ទម្លាក់ដោយប្រទេសទួរគីកាលពីខែវិច្ឆិកាកន្លងទៅ។
យ៉ាងណាក្ដីលោកប្រធានាធិបតីរូបនេះបញ្ជាក់ថា មិនចាំបាច់ប្រើសព្វាវុធដ៏សាហាវនេះក្នុងការធ្វើសង្គ្រាមទេ។ អ្វីដែលលោកនិយាយនៅពេលនេះ គឺក្នុងន័យចង់បង្កើនសមត្ថភាពសព្វាវុធ និងគ្រឿងបំពាក់ទាំងឡាយ ដែលផ្គត់ផ្គង់ដល់ទាហានទាំងជើងគោក និងជើងទឹករបស់ប្រទេសរុស្ស៊ីប៉ុណ្ណោះ៕