បាត់ដំបង៖ក្រុមគ្រួសារថៅរោងម៉ាស៊ីនកិនស្រូវនៅស្រុកសង្កែ កាលពីវេលាម៉ោង៧ះ០០យប់ថ្ងៃទី ៩ ខែធ្នូ កន្លងមកនេះ ត្រូវខ្មាន់កាំភ្លើងមានគ្នីគ្នា៣នាក់ ចូលប្លន់ដល់ក្នុងផ្ទះ ហើយប្រមូលយកទ្រព្យសម្បត្តិមានតម្លៃ និងគ្រឿងអលង្ការ សរុបប្រមាណជាង មួយម៉ឺនដុល្លារអាមេរិក។
ករណីប្លន់ប្រដាប់អាវុធដោយចោរប្លន់មួយក្រុមប្រដាប់ដោយអាវុធអាកា និងកាំភ្លើងខ្លី បានធ្វើសកម្មភាពប្លន់នៅវេលាម៉ោង ៧ ៖00នាទីយប់ ថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៥ បានចូលប្លន់ក្នុងភូមិគ្រឹះថៅកែម៉ាស៊ីនកិនស្រូវ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥នៅភូមិ-ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្រុមចោរប្លន់បាន ប្រមូលយកលុយបានប្រមាណជាង១ម៉ឺនដុល្លារ និងគ្រឿងអលង្ការមាស ប្រាក់ និងលុយខ្មែរមួយចំនួនទៀត ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។ នេះបើតាមការអះអាងប្រាប់ពីជនរងគ្រោះ។
ថៅកែម៉ាស៊ីនស្រូវដែលត្រូវចោរប្លន់ឈ្មោះ ភាញ ភឿប ភេទប្រុស អាយុ៦០ឆ្នាំ និងប្រពន្ធឈ្មោះ តាន់ ម៉ូរ៉ា រស់នៅក្នុងភូមិកើតហេតុខាងលើ បានរៀបឲ្យដឹងថា ក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នីគ្នា៣នាក់ ប្រដាប់ដោយអាវុធអាកា១ដើម និង អាវុធខ្លី១ដើម កន្ត្រៃកាត់ដែក១ និងដែកស្បែង១ បានធ្វើសកម្មភាពសម្រុកចូលក្នុងផ្ទះ ដោយប្រើចុងកាណុងភ្ជង់គំរាមបាញ់សម្លាប់ មនុស្សចំនួន៧នាក់ ដែលមានវត្តមានក្នុងពេលកើតហេតុ ក្នុងនោះរូបគាត់ និងប្រពន្ធ កូនប្រសារ និងកូនបង្កើតចំនួន៤នាក់។
ជនរងគ្រោះបានបន្តទៀតថា ក្រុមចោរប្រដាប់អាវុធអាកា និងកាំភ្លើងខ្លីនេះបានភ្ជង់គាត់ និងកូនប្រសារប្រុសគាត់ រួចចាប់គាត់ចងភ្ជាប់ជាមួយគ្នាព្រមទាំងស្ទុះទៅភ្ជង់ប្រពន្ធ និងកូនស្រីបង្កើត ឲ្យប្រមែប្រមូលទ្រព្យ សម្បត្តិលុយកាក់មាសប្រាក់ដែលមានប្រគល់ទៅឲ្យពួកវា ។ដោយសារភ័យតក់ស្លុតពេក ពួកគាត់បានយករបស់មានតម្លៃ លុយ សរុបប្រមានណជាជាងមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក។
តាមការអះអាងបញ្ជាក់បន្ថែមពីកូនប្រុសបង្កើតរបស់ជនរងគ្រោះម្នាក់ឈ្មោះ ភឿប ផាយោ អាយុ៣៦ឆ្នាំ បានសន្និដ្ឋានថា ក្រុមចោរប្លន់ប្រដាប់អាវុធអាកាទាំងនេះទំនងមកពួនសំងំក្នុងបរិវេណភូមិគ្រឺះរបស់គាត់ជាមុន ហើយក្នុងពេលដែលពួកគាត់ត្រឡប់មកពីផ្សារវិញ បើករថយន្តចូលផ្ទះ រួចហើយដើរទៅចាក់សោរទ្វាររបងផ្ទះ ក៏ស្រាប់តែលេចមុខក្រុមចោរទាំងនោះចេញមកភ្ជង់ពួកគាត់ ខ្លួនគាត់ និងឳពុក ដោយចងរូបគាត់ជាមួយឳពុក រួចបន្តភ្ជង់ម្តាយរបស់ខ្លួន ឲ្យប្រមូលទ្រព្យសម្បត្តិដែលមានប្រគល់ទៅឲ្យពួកវា។ពេលពួកវាធ្វើសកម្មប្លន់នេះគឺមានរយៈប្រហែល១ម៉ោង ក្រោយពីប្រមែប្រមូលលុយកាក់ជាង១ម៉ឺនដុល្លារ លុយខ្មែរ និងមាសពេជ្រគ្រឿងអលង្ការមួយចំនួន ហើយវាចាកចេញដោយសុវត្ថិភាព។
ក្រុមគ្រួសារជនរងគ្រោះបានបន្ថែមទៀតថា ក្រោយក្រុមចោរប្លន់ប្រដាប់អាវុធចាកចេញ ពួកគាត់ជនរងគ្រោះបានប្តឹង និងរាយកាយការណ៍ឲ្យសមត្ថកិច្ចហើយភ្លាមៗនោះកម្លាំងសមត្ថកិច្ចប៉ូលីសស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកឧត្តមសេនីយត្រី ជេត វណ្ណី ស្នងការរងប៉ូលីសខេត្ត បានចុះតាមប្រមាញ់ក្រុមចោរប្លន់ប្រដាប់អសវុធទាំងនោះភ្លាមៗដែរ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់ចាប់ឃាត់ខ្លួនបានជនសង្ស័យណាម្នាក់ឡើយ ។
គួរជម្រាបថា ករណីប្លន់ប្រដាប់ដោយអាវុធអាការ បានកម្រើកឡើងវិញជាបន្តបន្ទាប់នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងបង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ៕ដោយ៖សុផល