មណ្ឌលគិរី៖ ប្រជាពលរដ្ឋជាង៣០០គ្រួសារ រស់នៅឃុំចុងផ្លាស់ ស្រុកកែវសីមា នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៥ នេះ បានប្រមូលផ្តុំគ្នានៅមុខសា លាឃុំ ចុងផ្លាស់ ស្រុកកែវសីមា ដើម្បីតវ៉ាប្រឆាំងចំពោះ វត្តមាន របស់ក្រុមហ៊ុនរុករករ៉ែ Rong cheng Industril Invent co.ltd ដោយអះអាងថា នឹងបង្កឲ្យប៉ះពាល់ដល់ការរស់នៅយ៉ាងធ្ងន់ធ្ងរ។
ការប្រឆាំងនេះ កើតឡើងនៅ ក្រោយពេលដែលពលរដ្ឋទាំងនោះទួលដំណឹងថា ក្រសួងរ៉ែ និងថាមពល ចាត់មន្ត្រីជំនាញចុះមកពិនិត្យទីតាំងសាងសង់ធ្វើអាជីវកម្មរ៉ែ របស់ក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD ដែលស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា កន្លងមកក្រុមហ៊ុនសិក្សារ៉ែ ឈ្មោះ RONG CHENG INDUSTRIAL INVENT CO.LTD បានលួចធ្វើអាជីវកម្មរ៉ែយ៉ាងអាណាធិបតេយ្យចាប់ពីឆ្នាំ2004រហូតដល់ឆ្នាំ2013 និងបានប្រើប្រាស់សារធាតុគីមី បង្ហូរកាកសំណល់ មកលើដីបង្កបង្កើនផល និងដីលំនៅឋានរបស់ពួកគាត់ ដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពួកគាត់ប្រចាំថ្ងៃ ពិសេស ដំណាំបន្លែ សត្វ និងប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង រហូតដល់ពេលបច្ចុប្បន្នពួកគាត់ទទួលដំណឹងថា ក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD កំពុងរត់ការសុំធ្វើអាជៅវកម្មរ៉ែមាស។
ប្រភពបន្តថា ហេតុនេះហើយទើបធ្វើអោយពួក គាត់ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ផលប៉ះពាល់ ហើយ ពួកគាត់បានស្នើដល់ក្រសួងពាក់ព័ន្ធពិសេស រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិនិត្យឡើងវិញចំពោះការចេញអាជ្ញាប័ណ្ណអាជីវកម្មរ៉ែឲ្យក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD ឬមិនត្រូវអនុញ្ញាតឲ្យធ្វើសកម្មភាពរុករករ៉ែនៅក្នុងភូមិសាស្ត្រនោះឡើយ៕ដោយ៖សុខណាត