ជំនួប​លោក ស ខេង និង​លោក កឹម សុខា ធ្វើឡើង​៤៥​នាទី គ្មាន​រឿង​លោក សម រង្ស៊ី ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 December, 2015 ក+ ក-

​ភ្នំពេញ​: ប្រមុខ​ដឹកនាំ​គណបក្ស​ដែលមាន​អាសន​ក្នុង​សភា លោក ស ខេង និង​លោក កឹម​សុខា នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បើក​កិ​វ្ច​ប្រជុំ​តាម​ការគ្រោងទុក​ដោយមាន​រយៈពេល​តែ ៤៥ នាទី​ប៉ុណ្ណោះ គិត​ចាប់ពី​ម៉ោង ៥ ម៉ោង​ជិត​៦ ល្ងាច​នៅ​វិមាន​រដ្ឋសភា​។

​ក្រោយពី​កិច្ចប្រជុំ​បានបញ្ចប់​លោក ស ខេង និង​លោក កឹម សុខា បានធ្វើ​សន្និសីតកាសែត​រួមគ្នា​នៅក្រៅ​បន្ទប់​ប្រជុំ ។ ក្នុងនោះ ក៏មាន​សេចក្តីថ្លែងការណ៍​រួម រវាង​គណបក្ស​ទាំងពីរ ដោយ​ព្រមព្រៀងគ្នា ៤ ចំណុច​។​

​គួររំឭកថា ករណី​សាលក្រម​ប្រឆាំង​លោក សម រង្ស៊ី ,​ការបោះឆ្នោត​ទម្លាក់​តំណែង​លោក​កឹម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា ព្រមទាំង​បញ្ហា​ឃុំខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិនត្រូវ​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​នេះ​ទេ​។​

​កិច្ចព្រមព្រៀង​រួម​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ដូចខាងក្រោម​៖
១-​ចំពោះមុខ​នេះ បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ដែល​ចូលរួម​ដោយ​គណបក្ស​ទាំងពីរ ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី សហជីព​។​

២-​បង្កើត ក្រុមការងារ ដែល​ចូលរួម​ដោយ​គណបក្ស​ទាំងពីរ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពិនិត្យ​លទ្ធភាព​ដំឡើង​កម្រិត​នៃ​វប្បធម៌​សន្ទនា ដោយ​ឈរលើ​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៥ សំដៅ​ឲ្យ​មានការ​ជឿទុកចិត្ត​រវាង​គណបក្សនយោបាយ​នៅក្នុង​រដ្ឋសភា ក្នុងការ​ផ្សះផ្សា បង្រួបបង្រួម​ជាតិ ឲ្យ​បាន​ស្ថិតស្ថេរ​យូរអង្វែង​។​

៣- ពង្រឹង​របៀបរបប​ការងារ និង​ទំនាក់ទំនង​ការងារ ព្រមទាំង​ការផ្តល់​មធ្យោបាយ​សម្រាប់​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ គណបក្សនយោបាយ​ក្នុង​រដ្ឋសភា សំដៅ​រួមគ្នា​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ស្ថាប័ន​រដ្ឋសភា​។​

៤-​បន្ត ដោះស្រាយ​បញ្ហា​នានា ដែល​នៅ​សេសសល់ ដោយ​ឈរលើ​ស្មារតី បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និង​នីតិរដ្ឋ​។​

​ខ្លឹមសារ​សំខាន់​នៃ​សេចក្តីថ្លែងការណ៍​រួម​ដែល​ចុះហត្ថលេខា​ដោយ​លោក ស ខេង និង​លោក កឹម សុខា គឺ​សំដៅ​ជំរុញ​លើកកម្ពស់​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ការបន្ត​រួមគ្នា​ដោះស្រាយ​បញ្ហា​នានា​របស់​ជាតិ ការផ្សះផ្សារ​ជាតិ ស្របតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ជា​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​នៃ​ប្រទេសជាតិ​៕ដោយ៖ខេមរា

kmjnbggg