មីយ៉ាន់ម៉ា បដិសេធ ការអំពាវនាវ របស់អាស៊ាន ដែលចង់ឱ្យមានការដោះលែង លោកស្រី អ៊ុងសាន ស៊ូជី
រដ្ឋាភិបាលគាំទ្រដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានបដិសេធការអំពាវនាវជាថ្មីរបស់អាស៊ាន ក្នុងការដោះលែងអតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ដោយឥតលក្ខខណ្ឌ។ បន្ថែមពីនេះមីយ៉ាន់ម៉ាថា មិនត្រូវការប្រេសិតពិសេសរបស់អង្គការនេះ សម្រាប់ប្រទេសមីយ៉ាន់ម៉ាទេ។ នេះបើយោងតាមក្រសួងការបរទេសមីយ៉ាន់ម៉ា។ ប្រធានាធិបតី លោក មីន អ៊ុងឡាំង ដែលជាអតីតអគ្គមេបញ្ជាការកងទ័ព និងជាអ្នកដណ្តើមអំណាចកាលពីឆ្នាំ២០២១ ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី ស៊ូជី បាននិងកំពុងព្យាយាមស្វែងរកសុពលភាពនយោបាយចាប់តាំងពីការដណ្តើមអំណាចមក និងស្តារទំនាក់ទំនងឡើងវិញជាមួយអាស៊ាន។


