អាជ្ញាធរខេត្តកំពតដាំដើមត្នោតនៅឃុំចំនួន២ជាប់ព្រំដែនប្រទេសវៀតណាម
អាជ្ញាធរខេត្តកំពតបានដាំកូនត្នោតចំនួន៣ពាន់ដើម កាលពីព្រឹកថ្ងៃទី២៩ខែសីហា ឆ្នាំ២០២៦ នៅលើខ្នងទំនប់ព្រៃទន្លេត្រង់ចំណុច ភូមិសំរោងចិន ស្រុកបន្ទាយមាស ។សូមបញ្ជាក់ថាឃុំព្រៃទន្លេគឺជាឃុំមួយក្នុងស្រុកបន្ទាយមាសនិងមានភូមិសាស្ត្រជាប់និងប្រទេសវៀតណាម ។ អភិបាលស្រុកបន្ទាយមាស លោក នូ ចាន់ដា មានប្រសាសន៍ថាប្រជាពលរដ្ឋនៅស្រុកបន្ទាយមាស៩០%បានពឹងផ្អែកលើមុខរបរកសិកម្ម ។លោកអភិបាលស្រុកបន្ទាយមាស បានមានប្រសាសន៍បន្តថាស្រុកបន្ទាយមាសមានឃុំចំនូន១៥ ក្នុងនោះមានឃុំចំនួន២មានភូមិសាស្ត្រជាប់ប្រទេសវៀតណាមគឺ ឃុំត្នោតចុងស្រង់ និងឃុំព្រៃទន្លេ។លោកអភិបាលស្រុក បានបញ្ជាក់ថាកូនត្នោតដែលយើងចូលរួមដាំទាំងអស់គ្នានៅទំនប់ព្រៃទន្លេនេះមានចំនួន៣ពាន់ដើម ។នេះជាលើកទី១ហើយសម្រាប់ស្រុកបន្ទាយមាសដែលអាជ្ញាធរខេត្តកំពតបានដាំកូនត្នោតចំនួន៣ពាន់ដើម ។


