ភ្នំពេញ ៖ ជនសង្ស័យចំនួន៤២នាក់ ក្នុងនោះស្រី៥នាក់ និងរកឃើញវត្ថុតាង ជាច្រើនដូចជា ថ្នាំញៀន និងឧបករណ៍សម្រាប់សេពជាច្រើន ត្រូវបានឃាត់ខ្ឡួន និងរឹបអូសបន្ទាប់ប្រតិបត្តិការដែលសមត្ថកិច្ចបានចុះធ្វើស្ទើពេញមួយថ្ងៃទី១៣ ខែធ្នូ នេះ នៅសង្កាត់ទឹកថ្លា ។
កម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន រាជនីភ្នំពេញ សហការជាមួយ កម្លាំងនគរបាល ខណ្ឌសែនសុខ ក្រោមការសម្របសម្រួល ពីតំណាងអយ្យការ នៅព្រឹក និងរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥នេះ បានបន្តប្រតិបត្តិការ ចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យចែកចាយ ប្រើប្រាស់គ្រឿងញៀន នៅប្លុកបឹងឈូក ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង បានប្រាប់ក្រុមអ្នកសារព័ត៍មានឲ្យដឹង ថា ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងនគរបាល បានចាប់ខ្លួន ជនសង្ស័យចំនួន៤២នាក់ ក្នុងនោះស្រី៥នាក់ និងរកឃើញវត្ថុតាង ជាច្រើនដូចជា ថ្នាំសម្រាប់ជក់ និងឧបករណ៍ សម្រាប់ប្រើប្រាស់ផងដែរ។ លោក ម៉ក់ ហុង បានបញ្ជាក់ថា ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីបន្តការសួរនាំ ចាត់វិធានការ តាមនីតិវិធី។
គួរកត់សម្គាល់ថា ប្រតិបត្តិការចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន នៅប្លុកបឹងឈូកខាងលើនេះ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបានចុះបង្ក្រាបជាច្រើនលើកជាច្រើនសារ ប៉ុន្តែជាលទ្ធផលមិនទាន់មានការថយចុះនៅឡើយទេ ពីព្រោះនៅតំបន់នោះ ជាសំណង់មិនរៀបរយ ហើយជនល្មើសនានា បានទៅលាក់ខ្លួនពួនអាត្មានៅទីនោះ ដើម្បីធ្វើសកម្មភាព។
មជ្ឈដ្ឋានខ្លះ បានលើកឡើងថា បើអាជ្ញាធរ មិនរៀបចំតំបន់បឹងឈូក ឲ្យមានរបៀបរៀបរយនោះទេ មុខសញ្ញាជនល្មើស នានានឹងបន្តលាក់ខ្លួន ហើយប្រព្រឹត្តសកម្មភាពដដែលជាដដែល៕ដោយ៖គ.បញ្ញា