រលកតវ៉ាជុំវិញវិស័យអប់រំ រីករាលដាលយ៉ាងរហ័សដល់សាលារៀនជាង៤០០ កន្លែងនៅទូទាំងប្រទេសបារាំង
ក្រុមសិស្សសាលាបានដុតធុងសំរាម និងប៉ះទង្គិចគ្នាយ៉ាងក្តៅគគុកជាមួយមន្ត្រីនគរបាលកុបកម្ម អំឡុងការតវ៉ាប្រឆាំងនឹងបញ្ហាកង្វះគ្រូបង្រៀន និងលក្ខខណ្ឌក្នុងថ្នាក់សិក្សាដែលមិនទាន់ទទួលយកបាន។ រលកបាតុកម្មដែលបានចាប់ផ្តើមចេញពីតំបន់ទីក្រុងប៉ារីស បានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់សាលារៀនចំនួន ៤១៦ កន្លែងនៅទូទាំងប្រទេស ដោយក្រុមសិស្សបានរៀបរាប់ពីការខ្វះគ្រូបង្រៀនមុខវិជ្ជាសំខាន់ៗ និងស្ថានភាពថ្នាក់រៀនក្តៅខ្លាំងគ្មានម៉ាស៊ីនត្រជាក់ ព្រមទាំងទាមទារឱ្យរដ្ឋាភិបាលដោះស្រាយជាបន្ទាន់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឡូរ៉ង់ នុយនេ (Laurent Nunez) ឱ្យដឹងថា មនុស្សប្រមាណជា៤៤០ នាក់ (ភាគច្រើនជាអនីតិជន) ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ខណៈការប៉ះទង្គិចគ្នានេះ បានបណ្តាលឱ្យមន្ត្រីសន្តិសុខ ៤៨ នាក់ និងសិស្ស ព្រមទាំងបុគ្គលិកអប់រំចំនួន ៣១ នាក់ផ្សេងទៀតរងរបួស។


