មណ្ឌលគិរី៖ប្រជាពរដ្ឋនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី សំណូមពរអោយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការក្តៅ ដើម្បីទប់ស្កាត់និងបង្ក្រាប បញ្ហាជូញដូរនិងប្រើប្រាស់គ្រឿងញៀន ជាបន្ទាន់។ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ទាក់ទងនឹងសុខសុវត្ថិភាពប្រចាំថ្ងៃ ព្រោះគ្រឿងញៀនកើនឡើងខ្លាំង បង្កអោយមានអសន្តិសុខក្នុងភូមិ ដូចជា ចោរកម្ម អំពើហឹង្សាផ្សេងៗ ជាដើម។
ប្រជាពលរដ្ឋបានអោយដឹងថា គ្រឿងញៀនកើនឡើងខ្លាំងធ្វើអោយពួកគាត់មានការភ័យខ្លាច យ៉ាងខ្លាំងរហូតដល់ពួកគាត់មិនហ៊ានបញ្ចេញមតិយោបល់ ទាក់ទងគ្រឿងញៀន ប្រាប់អ្នកយកព័ត៍មាននោះទេ។ ពួកគាត់ភាគច្រើននិយាយថា បើពួកគាត់និយាយទៅ ខ្លាចអ្នកប្រើប្រាស់គ្រឿងញៀន ដឹងហើយតាមរករឿងពួគាត់។ ពួកគាត់លើកឡើងថា នៅតាមអណ្តូងរ៉ែនីមួយៗ តែងតែមានអ្នកសំងំជក់គ្រឿងញៀន ដោយសំអាងថា បើអត់ជក់ទេ ធ្វើការអត់កើត។ ក្រៅពីគ្រឿងញៀន ក៏មានបញ្ហាល្បែងស៊ីសង ខុសច្បាប់កើតលើងច្រើនផងដែរនៅទីនោះ។ ចំណែកសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវបានប្រជាពលរដ្ឋលើកឡើងថា ធ្វើការងារធូរលុង ចាប់ហើយលែង ចាប់ហើយលែង ពួកគាត់ឈប់មានជំនឿលើសមត្ថកិច្ចនៅមូលដ្ឋានទៀងហើយ។
ដូច្នេះពួកគាត់សំណូមពរដល់អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធគួរចាត់វិធានការយ៉ាងណា ដើម្បីជួយសម្រួលអោយមានភូមិឃុំមានសុវត្ថិភាពពិតប្រាកដ ទើបពួកគាត់មានភាពកក់ក្តៅ ក្នុងការរស់នៅ។
ឆ្លើយតបបញ្ហាគ្រឿងញៀននេះ ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឧត្តមសេនីយ៍ត្រី តូច យ៉ុន បានអោយដឹងថា លោកមិនបណ្តែតបណ្តោយទេទាក់ទងបញ្ហានេះ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ ជួយសហការ បើឃើញនៅកន្លែងណា សូមរាយការមកភ្លាមៗ។ ករណីនេះលោកនិងចាត់វិធានការជាបន្ទាន់ ដើម្បីអោយកម្លាំជំនាញចុះទៅធ្វើការបង្ក្រាប។
សូមបញ្ជាក់ថា សព្វថ្ងៃនេះ នៅឃុំចុងផ្លាស់ ប្រជាពលរដ្ឋភាគច្រើនជាអ្នកប្រកបរបរជីករករ៉ែប្រៀបដូចជាការធ្វើស្រែអញ្ចឹងដែរ ដោយសារនៅតំបន់នោះ ក្រៅពីជីករ៉ែមិនដឹងថាធ្វើអ្វីនោះទេ នេះជាការងារចិញ្ចឹមជីវិតរបស់ពួក គាត់ ព្រោះការអភិវឌ្ឍនៅក្នុងមូលដ្ឋានលើវិស័យផ្សេងៗដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មិនទាន់ឃើញមានជាដុំកំភួននៅឡើយ៕ដោយ៖សុខណាត