ISIS គំរាមធ្វើគត់សម្តេចប៉ាប Francis របស់បុរីវ៉ាទីកង់
រ៉ូម៖យោងតាមទីភ្នាក់ងារសារព័ត៌មាន Express ចេញផ្សាយកាលពីម្សិលមិញថា ក្រុមឧទ្ទាម ISISបានបង្ហាញវីដេអូឃ្លីបមួយ ដោយគំរាមធ្វើគត់សម្តេចប៉ាប Francis និងគំរាមកំហែងវាយប្រហារទៅលើទីក្រុងរ៉ូម។
លោក Cardinal Pietro Parolin បានបញ្ជាក់ថា ដែនដីសាសនាដ៏តូចមួយនេះកំពុងពិចារណាពីការចាត់វិធានការរឹតបន្តឹងផ្នែកសន្តិសុខ ខណៈដែលបុរីវ៉ាទីកង់បានទទួលស្គាល់ថា ខ្លួនពិតជាគោលដៅនៃការវាយប្រហារពីសំណាក់ក្រុមសកម្មជនជីហាតពិតមែន ដោយសារភាពផ្ទុយគ្នាផ្នែកសាសនា ហើយការវាយប្រហារនេះ អាចនឹងបង្កភាពតក់ស្លុតទូទាំងសកលលោក។
គួរបញ្ជាក់ថា ទីក្រុងរ៉ូម ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានរងការគំរាមកំហែងយ៉ាងខ្លាំង តាមរយៈវីដេអូមួយចំនួនដែលផ្សព្វផ្សាយដោយពួកជ្រុលនិយម៕