បាត់ដំបង៖ហេតុការណ៍ដ៏អាក្រក់ មួយបានកើតឡើងកាលពីព្រឹកម៉ិញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នេះ បណ្តាលឲ្យមានអគ្គីភ័យមួយកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលភ័យស្លន់ស្លោរពីប្រជាពលរដ្ឋដែលរស់នៅជិតខាងគ្នាដោយសារតែអគ្គីភ័យបានចាប់ផ្តើមឆាបឆេះភ្លាមៗ មួយប៉ប្រិចភ្នែកនៅក្នុងផ្ទះដែលបានបង្កហេតុបណ្តាលឲ្យអ្នកឃើញហេតុការណ៍កើតឡើងដំបូង ធ្វើការសន្និដ្ឋានថាម្ចាស់ផ្ទះបង្កហេតុ ដែលមានលក់សាំងដបនិងកំពុងតែចាក់សាំងបញ្ចូលក្នុងដបទុកសម្រាប់លក់។ ហើយរូបគេបានហៅអ្នករែកលក់នំបញ្ចុក តាមដងផ្លូវដើម្បីហូបចំណីស្រស់ស្រូបពេលព្រឹកក្នុងខណៈមុនហេតុការអាក្រក់កើតឡើង។ ប៉ុន្តែចៃដន្យដោយសារតែអម្រែកនំបញ្ចុកនោះ មានចង្ក្រាន្តមានភ្លើងសម្រាប់កម្តៅទឹកសម្លនំបញ្ចុកផងនោះ ពេលមកដល់ជិតសាំងក៏ឆាបឆេះផ្អើលឆោឡោនាំឲ្យមានការកើតឡើងអគ្គីភ័យចាប់ផ្តើមឆាបឆេះតែម្តងទៅទាំងព្រឹក វេលាម៉ោង៦ៈ៣០នាទី ដែលស្ថិតនៅផ្ទះកើតហេតុ ក្នុងភូមិសាស្ត្រភូមិរំចេក១ សង្កាត់រតនៈ ក្រុងខេត្តបាត់ដំបង ដែលម្ចាស់ផ្ទះមានឈ្មោះ ធូ ប៊ុនធឿន ភេទប្រុស អាយុជាង៥០ឆ្នាំ ដែលមានមុខរបរលក់សាំង និងហ្គាសព្រម
ទាំងឥវ៉ាន់ចាប់ហួយមួយចំនួន។
បើតាមការអះអាងពីប្រភពប្រជាពលរដ្ឋ នៅក្នុងហេតុការណ៍អាក្រក់កើតឡើងនោះ បានឲ្យដឹងថា៖ ក្នុងហេតុការណ៍អគ្គីភ័យនេះបណ្តាលឲ្យឆាបឆេះផ្ទះឈើចំនួន ០៣ខ្នងភាគច្រើនប្រក់ស័ង្កសី ឆេះខ្ទេចទាំងស្រុងហើយនៅក្នុងនោះម្ចាស់ផ្ទះបង្កហេតុ ក៏បានរងរបួសបន្តិចបន្តួចផងដែរ។ ប្រភពព័ត៌មានក៏បានបន្តឲ្យដឹងទៀតថា៖ ក្នុងចំណោមផ្ទះ៣ខ្នងរងការឆេះខ្ទេចខ្ទីនេះក្នុងនោះមានផ្ទះអ្នកបង្កហេតុ ទី២.ផ្ទះឈ្មោះស៊ិន បៀង ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ភេសជ្ជៈ និងផ្ទះទី៣. ម្ចាស់ផ្ទះឈ្មោះ ថុង ខន ភេទស្រី អាយុជាង៥០ឆ្នាំ មានមុខរបរសម្អាងការ។ប្រជាពលរដ្ឋនៅទីនោះបានអះអាងថា៖ អគ្គីភ័យដែលកើតឡើងនេះគឺបង្កឡើងពីចង្ក្រាន្តរបស់អ្នកលក់នំបញ្ចុះ ក្នុងខណៈពេលដែលម្ចាស់ផ្ទះបានបូមសាំងដាក់លក់។
ក្នុងហេតុការណ៍កើតឡើងនេះក៏មានការអន្តរាគមន៍ពីក្រុមពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានប៉ូលីសខេត្តបាត់ដំបងចំនួន០៤ឡាន ហើយលោកអភិបាលក្រុងបាត់ដំបង ក៏មានវត្តមាននៅទីនោះ និងបានចុះទៅពិនិត្យហេតុការអាក្រក់នេះដើម្បីជួយធ្វើអន្តរាគមន៍ និងជួយពន្លត់អគ្គីភ័យឲ្យរលត់ទៅវិញបន្ទាប់ពីឆេះជាង១ម៉ោង និងបានបំផ្លាញផ្ទះ៣ខ្នងទាំងស្រុង។ចំពោះលទ្ធផលនៃការខូចខាតនៅទីនោះ មិនទាន់មានរបាយការណ៍ពីជនរងគ្រោះ និងពីសមត្ថកិច្ចទីនោះឡើយ៕ ដោយ ៖ សំអាន