រថយន្តយីឌុបដឹកឈើល្មើសលើសទម្ងន់បើកគេចស្ថានីយថ្លឹងឡានអូរពងមាន់ រាល់ថ្ងៃគ្មានការបង្រ្កាប
ស្ទឹងត្រែង: រថយន្តយីឌុបធុនយក្សភ្លៅប្រាំដែលកែច្នៃខុសបច្ចេកទេសកំពុងសម្រុកដឹកជញ្ជូនឈើប្រណីត ចេញពីចំណុចស្ពានស្រែពកចាស់ និងស្ពានស្រែពកថ្មីក្នុងឃុំស្រែគរ ស្រុកសេសានដោយបើកវាងស្ថានីយជញ្ជីងថ្លឹងរថយន្តនៅត្រង់ចំណុចអូរពងមាន់ ចូលមកតាមផ្លូវក្រុមហ៊ុន ដុងភូដុងណៃ ចេញតាមច្រកផ្លូវភ្នំខៀវ ឡើងមកលើផ្លូវជាតិ លេខ៧Aដោយឆ្ពោះទៅកាន់ខេត្តក្រចេះ ស្ទើររាល់យប់ដោយគ្មានអ្នកបង្រ្កាបនោះទេ ។
លោក ស គឹមណាត ប្រធានសាធារណ:ការនឹងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានប្រាប់ឱ្យដឹងដោយទទួលស្គាល់ថា: ករណីរថយន្តដឹកឈើផ្ទុកលើសទម្ងន់ បើកវាងស្ថានីយជញ្ជីងថ្លឹងរថយន្តនៅចំណុចអូរពងមាន់ដែលកំពុងសម្រុកដឹកឈើចេញពីឃុំស្រែគរ ស្រុកសេសាន ដែលមានក្រុមហ៊ុននៅទីនោះ ដោយ ដឹកឈើតាមរថយន្តធំៗគេចពីសមត្ថកិច្ចវាងតាមស្ពានស្រែពកថ្មី ឆ្លងកាត់តាមផ្លូវក្រុមហ៊ុនដុងភូដុងណៃ ខាងភូមិអូរច្រឡង់ប្រហែល៤គីឡូម៉ែត្រ ចូលទឹកដីខេត្តក្រចេះ គឺ លោកធ្លាប់បានរាយការណ៍ប្រាប់ដល់ក្រសួងសាធារណ:ការ និងដឹកជញ្ជូនដែរតែថ្នាក់លើបាននិយាយថា ហួសទឹកដីខេត្ត តស្ទឹងត្រែងហើយ ចូលទឹកដីខេត្តក្រចេះ ។
លោក ទិត្យ វី នាយសង្កាត់រដ្ឋបាលព្រៃឈើ ឃុំក្បាលរមាស ស្រុកសេសាន បានឱ្យដឹងថា: រថយន្តដឹកឈើលើសទម្ងន់កន្លងមកថ្មីៗនេះ ប្រត្តិកម្មជាមួយជញ្ជីងថ្លឹងរថយន្ត នៅចំណុចអូរពងមាន់ ដូច្នេះហើយ ទើបរថយន្តទាំងនោះបើកវាងតែគួរឱ្យសោកស្តាយ ដោយសារមន្រ្តីចូលព្រៃអស់ ណាមួយខ្វះកម្លាំងបើគិតពីភូមិច្រប់ ទៅដល់កន្លែងស្ពាន ស្រែពកថ្មីប្រមាណជាង៣០គីឡូម៉ែត្រ ចូលទឹកដីខេត្តរតនគីរី ។
បច្ចុប្បន្នគ្រប់មជ្ឈដ្ឋានគេសង្កេតឃើញ មានរថយន្តយីឌុបធំៗភ្លៅប្រាំ ដឹកឈើដ៍សកម្ម ខាងលើនោះ ជាឈើរបស់ម្ចាស់ឈ្មោះ វុទ្ធី នឹងឈ្មោះ រ៉ូត ដែលជាឈ្មួញរកសីុដឹកជញ្ជូន ឈើតាមរថយន្តយីឌុបភ្លៅប្រាំដ៍ល្បីល្បាញនៅខេត្តក្រចេះ មានលុយមានអំណាច នឹងមានខ្នងបង្អែកជាអ្នកធំនៅពីក្រោយដោយមិនខ្លាចញញឿតសមត្ថកិច្ច និងជំនាញ រដ្ឋបាលព្រៃឈើបង្រ្កាបនោះឡើយ។ពួកគេបានដឹកឈើតាមរថយន្តធុនយក្សភ្លៅប្រាំ បើកចេញពីទឹកដីឃុំស្រែគរក្នុងស្រុកសេសានខេត្តស្ទឹងត្រែង ដោយដឹកវាងតាមស្ពាន ស្រែពកថ្មី ចូលមកសំងំក្នុងក្រុមហ៊ុន ដុងភូដុងណៃ។
លុះដល់ពេលប្រលប់ៗប្រហែលជាម៉ោង៦ទៅម៉ោង៧ ទើបពួកគេបើកចេញពីក្រុមហ៊ុន ខាងលើ ឆ្ពោះតាមច្រកផ្លូវភ្នំខៀវ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះ យ៉ាងខ្លាំង។
ប្រជាពលរដ្ឋបានត្អូញត្អែរថា ជារៀងរាល់យប់ថ្ងៃមានរថយន្តធំៗដឹកឈើបន្តកន្ទុយគ្នាធ្វើ ឱ្យហុយដីហូបបាយក៏មិនកើត ពិបាកក្នុងការដកដង្ហើម សម្រាកក៏មិនបាន ដោយសារ សំឡេងឡានដឹកឈើបើកបន្តកន្ទុយគ្នាលាន់ឮទ្រហឹងរាល់យប់គ្មានឃើញសមត្ថកិច្ចណា ចុះបង្រ្កាបឡើយ៕ដោយ៖សហការី