ភ្នំពេញ៖សហគមន៍ខ្មែរកម្ពុជាក្រោម ប្រកាសផ្អាកធ្វើបាតុកម្មទាមទារសុំឲ្យរដ្ឋាភិបាលវៀតណាម សុំទោសពលរដ្ឋខ្មែរពីរឿងទឹកដីកម្ពុជាក្រោមបណ្ដោះអាសន្ន ដោយរង់ចាំការដោះស្រាយតាមរយៈការទូតវិញម្តង។
ការផ្អាកបាតុកម្មនេះ ធ្វើឡើងក្រោយពីបាតុកម្មចូលរួមដោយពលរដ្ឋខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរ បានដើរថ្មើរជើង និងដាក់ញត្តិគ្រប់ស្ថាប័នក្នុងរាជធានីភ្នំពេញចប់សព្វគ្រប់ និងបានធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម អស់រយៈពេល ៥ថ្ងៃ ប៉ុន្តែវៀតណាម នៅតែមិនបង្ហាញជំហរក្នុងការសុំទោសរឿងប្រវត្តិសាស្ត្រទឹកដី កម្ពុជាក្រោមនោះឡើយ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ថ្លែងសារនៅមុខស្ថានទូតវៀតណាម នៅថ្ងៃទី៨ ខែតុលា ថា ក្រោយពីការតវ៉ា ៥ថ្ងៃកន្លងមក ខ្មែរគ្រប់គណបក្សនយោបាយបានរួបរួមគ្នាជាសំឡេងខ្មែរតែមួយ។ លោកបន្តថា អ្វីដែលលោកអះអាងថាសំឡេងតែមួយនោះ ព្រោះការដាក់ញត្តិនៅរដ្ឋសភា នៅទីស្ដីការគណៈរដ្ឋមន្ត្រី ជំនួបអភិបាលរាជធានីភ្នំពេញ និងមេគណបក្សឈ្នះឆ្នោតទាំងពីរ សុទ្ធតែបាននិយាយពីការស្រឡាញ់ជាតិ និងស្ដាយទឹកដីកម្ពុជាក្រោម ដែលបាត់បង់ទៅក្នុងការគ្រប់គ្រងរបស់វៀតណាម។
លោកថា ដោយសារតែខ្មែររួបរួមសំឡេងតែមួយ ទើបគ្មានការបង្ក្រាបក្បួនហែរបស់បាតុករក្នុងរយៈពេល៥ថ្ងៃនេះ។ មិនតែប៉ុណ្ណោះ គ្រប់គណបក្សនយោបាយ បានឧបត្ថម្ភស្បៀងដល់បាតុករទៀតផង៖ «ពីព្រោះខ្ញុំបានជួបឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហើយឯកឧត្តម ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សម្ដេច ហេង សំរិន ពីម្សិលមិញ បានជជែកដល់ប្រធានគណៈកម្មការនៃសភា ឯកឧត្តម ឈាន វុន ក៏ដូចឯកឧត្តម អេង ឆៃអ៊ាង ព្រឹកមិញ ក៏យើងបានជួបឯកឧត្តមអភិបាលរាជធានីភ្នំពេញ។ ដល់ទីបំផុត បងប្អូនដឹងថាម៉េចទេ គឺពេលនេះភាសាខ្មែរតែមួយ គឺការពារប្រវត្តិសាស្ត្រខ្មែរ គ្មាននរណាអាចកែប្រែ
ប្រវត្តិសាស្ត្រខ្មែរបានទេ នេះជាជោគជ័យដ៏ធំបំផុតរបស់យើងហើយ»។
ក្រៅពីសារពិសេសថ្លែងក្នុងក្បួនហែនៅថ្ងៃទី៥ នៃការធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលវៀតណាម សុំទោសប្រជាពលរដ្ឋខ្មែរពីការបំភ្លៃប្រវត្តិសាស្ត្រទឹកដីកម្ពុជា ក្រោម ក្រុមបាតុករក៏បានធ្វើពិធីស្មិងស្មាធិ៍ចំនួនពីរនាទីនៅទីលាន ប្រជាធិបតេយ្យ។
ព្រះភិក្ខុ សឹម សុវណ្ណនី ដែលដឹកនាំធ្វើពិធីស្មិងស្មាធិ៍មានថេរដីកាថា ការធ្វើបែបនេះដើម្បីបន្ថយអំពើហិង្សា និងការមិនបៀតបៀនគ្នាពីសំណាក់ជាតិសាសន៍វៀតណាម និងកម្ពុជា។
នៅពេលថ្ងៃត្រង់ ក្រុមបាតុករបានចែកខិត្តប័ណ្ណជូនប្រជាពលរដ្ឋតាមដងផ្លូវ ព្រះមុនីវង្ស ផ្លូវលេខ២៦១ ផ្លូវកម្ពុជាក្រោម មហាវិថីព្រះមុនីរ៉េត រហូតដល់មុខស្ថានទូតវៀតណាម។ ខិត្តប័ណ្ណនោះមានគូសខ្វែងលើទង់ជាតិវៀតណាម ដោយសរសេរអក្សរថា យើងគ្រប់គ្នាឈប់ប្រើទំនិញ និងសេវាកម្មយួន។
ពលរដ្ឋដែលទទួលបានខិត្តប័ណ្ណថ្លែងថា ផលិតផលប្រើប្រាស់ពីវៀតណាម គុណភាពអន់ ប៉ុន្តែលក់ថោក ទើបមានអ្នកទិញ។ ពួកគាត់បន្តថា បើសិនជាវៀតណាម មិនសុំទោសប្រជាពលរដ្ឋខ្មែរអំពីការបំភ្លៃប្រវត្តិសាស្ត្រទឹកដី កម្ពុជាក្រោមនោះទេ ពួកគាត់នឹងមិនទិញ ឬជួយលក់ផលិតផលវៀតណាម ទៀតទេ៖ «ឈប់តែម្តងការប្រើរបស់យួន គឺឈប់ប្រើតែម្តង ចំពោះខ្ញុំគឺឈប់ប្រើ១០០%»។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក (adhoc) លោក យី សុខសាន្ត ថ្លែងថា បាតុកម្មរបស់ខ្មែរកម្ពុជាក្រោមអំពីទឹកដីដែលវៀតណាម ក្តោបយកតាំងពីឆ្នាំ១៩៤៩ នោះ បានធ្វើឲ្យពិភពលោកកាន់តែដឹងថា ខ្មែរកម្ពុជាក្រោមមានទឹកដី មានជនជាតិ មានប្រពៃណីពិតប្រាកដ៖ «ទោះ បីជាប្រទេសវៀតណាម មិនបានចេញមកបកស្រាយអំពីការនិយាយ ឬអំពីការចោទប្រកាន់ថា ដីខ្មែរកម្ពុជាក្រោម ថាជាដីរបស់ជនជាតិគេក៏ដោយ ក៏ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរក្រោមនៅលើពិភពលោក ក៏បានធ្វើការទាមទារ ហើយជាទស្សនៈរបស់ខ្ញុំ ខ្ញុំថា រាជរដ្ឋាភិបាលកម្ពុជា គួរតែមានអ្នកប្រវត្តិសាស្ត្រ អ៊ីចឹងឲ្យចេញមកបកស្រាយ។ ទូរទស្សន៍ យើងមានគ្រប់ប៉ុស្តិ៍ មានវិទ្យុច្រើនណាស់ គួរតែចេញមកបង្ហាញទៅ ដើម្បីឲ្យប្រជាពលរដ្ឋយើងយល់ឲ្យច្បាស់អំពីដែនដីខ្មែរពីមុននៅ ប៉ុណ្ណា ហើយឥឡូវនៅប៉ុណ្ណា ដើម្បីជាតំណ ឬជាចំណេះដឹង ដើម្បីឲ្យក្មេងខ្មែរជំនាន់ក្រោយបានយល់ដឹងផង»។
បាតុកម្មនៅមុខស្ថានទូតវៀតណាម ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែតុលា គឺមិនមានវត្តមានមន្ត្រីស្ថានទូតវៀតណាម ចេញមកចរចានោះទេ បើទោះបីជាក្រុមបាតុករនៅតែទាមទារឲ្យរដ្ឋាភិបាលវៀតណាម សុំទោសជាសាធារណៈរឿងបំភ្លៃប្រវត្តិសាស្ត្រដែលអ្នកនាំពាក្យ ស្ថានទូតវៀតណាម ឈ្មោះ ត្រឹង វ៉ាំង ថុង ដែលជាអ្នកប្រើពាក្យថា ទឹកដីខ្មែរកម្ពុជាក្រោម គឺវៀតណាម គ្រប់គ្រងយូរមកហើយនោះ។
បាតុកម្មថ្ងៃទី៨ ខែតុលា នេះ មានពលរដ្ឋ និងព្រះសង្ឃចូលរួមហែក្បួនច្រើនរយនាក់ និងមានប៉ូលិសចរាចរជាង ៣០នាក់ ជិះម៉ូតូអបដំណើរក្បួនហែនោះ ដើម្បីជួយសម្រួលចរាចរតាមដងផ្លូវចាប់ពីទីលានប្រជាធិបតេយ្យ រហូតដល់មុខស្ថានទូតវៀតណាម។ នៅមុខស្ថានទូតវៀតណាម ប្រជាពលរដ្ឋក៏បានផ្តល់ស្បៀងទៅមន្ត្រីប៉ូលិសការពារមុខស្ថានទូត បញ្ជាក់ពីភាពសាមគ្គីដែរ៕ប្រភព៖rfa