លោក សម រង្ស៊ី ត្រូវ​តុលាការ​បង្កាប់ឲ្យ ចាប់ខ្លួន​ពាក់ព័ន្ធសមគំនិតក្លែងឯកសារ សន្ធិសញ្ញា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 January, 2016 ក+ ក-

​ភ្នំពេញ៖​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ដោយ​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ ឲ្យ​ស្រាវជ្រាវ​រក​ចាប់ និង​ឲ្យ​នាំខ្លួន​ខ្លួន​លោក សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​នៃ​ក្រសួងមហាផ្ទៃ​ ពាក់ព័ន្ធ​នឹង​ការចោទ ប្រកាន់​បទសមគំនិត​ក្លែងបន្លំ​ឯកសារ ក្នុង​សំណុំរឿង​របស់​អតីត​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សម រង្ស៊ី លោក ហុង សុខ​ហួរ​។​​

​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា​ដែល​កំពុងស្ថិត​នៅក្រៅ​ប្រទេស​នោះ ចុះហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ​លោក កោ វណ្ឌី តាំងពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ តែ​ទើប​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ព្រលប់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ នេះ ។​

ក្នុង​ដីកា​បង្កា​ប់​នេះ លោក សម រង្ស៊ី ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯក​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​បាន​ប្រព្រឹត្តិ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥​។ ពោលគឺ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លោក​ ហុង ​សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កនូវ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាមក្លែង ហើយ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួនកាលពី​ថ្ងៃទី​១៥​សីហា ឆ្នាំ​២០១៥​។​

​គួររំឭកថា លោក សម រង្ស៊ី បាន​រង​នូវ​បណ្តឹង​ចំនួន​បី​ជា​បន្តបន្ទាប់ គឺ​សំណុំរឿង​ពាក់ព័ន្ធ​ការ​ក្លែង​ឯកសារ​សាធារណៈ ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ត្រូវ​តុលាការក្រុង​ភ្នំពេញ​ចេញ​ដីការ​បង្គាប់​ឲ្យ​ចាប់ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​នៃ​ក្រសួងមហាផ្ទៃ​។​សំណុំរឿង​ទី​ពីរ ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិតលើរូបលោក ហោ ណាំហុង ដែល​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ កន្លងមក​ តែ​ពុំ​បានមក​បង្ហាញខ្លួន​ចំពោះមុខ​តាម​ការកំណត់​ឡើយ​។

ចំណែក បណ្តឹង​មួយទៀត​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​របស់លោក​មេធាវី​ការពារ​ក្តី​សម្តេច ហេង សំរិន ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​។​បណ្តឹង​នេះ​ត្រូវបាន​តុលាការ​ចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​បំភ្លឺ​កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៥ ខ​ណៈលោក សម រង្ស៊ី កំពុង​ស្ថិតនៅក្រៅ​ប្រទេស​មិនបាន​ចូលមក​បំភ្លឺ​ទេ ដោយ​ឆ្លើយតប​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ទៅ​តុលាការ​វិញ​ថា លោក​ចង់​ឆ្លើយបំភ្លឺ​តាម​ប្រព័ន្ធ Skype មកពី​បរទេស ប៉ុន្តែ​ត្រូវ​តុលាការ​បដិសេធ​។

ទោះជាយ៉ាងណាក្តី ក៏គណបក្ស​សង្គ្រោះ​ជាតិ​បានចាត់ទុក​ករណីនេះ​ជា​រឿង​នយោបាយ មិនមែនជា​បទល្មើស​ជាក់ស្តែង ​និង​ជាការ​សម្តែង​មតិ​របស់​សមាជិក​ព្រឹទ្ធសភា​។ លោក សម រង្ស៊ី ត្រូវបាន​ចោទប្រកាន់ថា​បានផ្តល់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក សម្រាប់​ចែកចាយ​ឯកសារ​ទាំងនោះ​៕​ដោ​យ៖​ខេមរា​edswww