ភ្នំពេញ៖លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៦ខែមករាឆ្នាំ២០១៦នេះ បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែក ថែទាំសុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។
អនុក្រឹត្យនេះ មានគោលដៅបង្កើតយន្តការផ្តល់ជូនសមាជិក បសស នូវសេវាបង្ការសុខភាព និងតាវកាលិកព្យាបាលនិងថែទាំវេជ្ជសាស្ត្រនិងការផ្តល់ប្រាក់បំណាច់ ថ្ងៃសម្រាប់រយៈពេលនៃការផ្អាកការងារដោយការព្យាបាលជំងឺឬគ្រោះថ្នាក់ ផ្សេងៗក្រៅពីហានិភ័យការងារ និងការសម្រាប់មាតុភាព។
អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះជនទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ព្រមទាំងសហព័ទ្ធ និងកូន ដែលស្ថិតនៅក្នុងបន្ទុកផ្ទាល់នៃកម្មករនិយោជិតដែលជាសមាជិក បសស និងសមាជិត បសស ដែលកំពុងទទួលបានប្រាក់ធនលាភ ដោយការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ និងឧត្តរជីវី។
បេឡាជាតិរបបសន្តិសុខសង្គម (បសស) គឺជាស្ថាប័នប្រតិបត្តិករតែមួយគត់ដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គមផ្នែកថែទាំងសុខភាព សម្រាប់ជនទាំងឡាយណាដែលស្ថិតក្រោមបទប្បញ្ញត្តិស្តីពីការងារ។
ព័ត៌មានល្អសម្រាប់បងប្អូនកម្មករ និយោជិត ដែលកន្លងមកធ្លាប់ចំណាយប្រហែល១៥-២០% នៃប្រាក់ខែលើសេវាសុខភាព ឥឡូវនេះបងប្អូនកម្មករនិយោជិតចំណាយបង់វិភាគទានមិនដល់១%ទេ តែអាចរក្សាសុខភាពបានដូចមុនដែរ!។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានឲ្យដឹងថា នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាលនឹងដាក់ឲ្យមានប្រាក់ចូលនិវត្តន៍ដល់បងប្អូន កម្មករ និយោជិត ដែលមានអតីតភាពធ្វើការងារជាប្រចាំ ហើយបានបង់សមាជិកភាពជាមួយ បសស ចំនួនយ៉ាងតិច១៨ឆ្នាំ។ដូច្នេះបងប្អូនមិនបាច់ព្រួយខ្លាចពេលចាស់អត់មានប្រាក់ខែទៀតទេ៕