បន្ត​ឃុំខ្លួន​ប្រធាន​សមាគម​អាណិកជន​ខ្មែរ​នៅ​អាមេរិក​ពីបទ​ឆបោក​ប្រាក់​១​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 October, 2014 ក+ ក-

ភ្នំពេញ​៖​ប្រធាន​សមាគម​អាណិកជន​ខ្មែរ​នៅ​អាមេរិក​នៅ​ថ្ងៃទី​៩ខែ តុលា  ឆ្នាំ​២០១៤​នេះ ត្រូវ​សាលាឧទ្ធរណ៍​សម្រេច​ប្រកាស​សាល ដីកា​បន្ត​ឃុំខ្លួន និង​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​របស់​ជន​ត្រូវ​ចោទ​ពីបទ​«​ឆបោក​»​ប្រាក់​១​លាន​ដុល្លារ ។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​ឈ្មោះ​សាន រិ​ច្ឆឺ (Richer San) ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​ប្រធាន​សមាគម​អាណិកជន​ខ្មែរ​រស់នៅ​អាមេរិក​ប្រចាំ​រដ្ឋ​ឡងប៊ិច សហរដ្ឋអាមេរិក និង​មាន​អាសយដ្ឋាន​នៅ​ប្រទេស​កម្ពុជា​ផ្ទះ​លេខ​៣៨៦ ផ្លូវ​លេខ​១៣ សង្កាត់​ផ្សារកណ្ដាល​១ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

ប្រភព​ដដែល​បន្តថា កាលពី​អំឡុង​ឆ្នាំ​២០១២​កន្លងទៅ​ឈ្មោះ​សាន រិ​ច្ឆឺ ជាមួយនឹង​បក្ខពួក​របស់ខ្លួន​ឈ្មោះ​ស៊ីវ ស៊ី​ច័ន្ទ ជា​អតីតមន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ បាន​លួងលោម​វេជ្ជបណ្ឌិត​ស្ត្រី​ខ្មែរ​ម្នាក់​ឈ្មោះ​អេង លី​គង់ ឲ្យ​ចូល​ហ៊ុន​រកស៊ី​ក្នុង​ម្នា​ក់មួយ​លាន​ដុល្លារ ដើម្បី​បើក​ក្រុមហ៊ុន​នាំ​ផលិតផល​សម្រេច​កសិក​ម្ម​ខ្មែរ​យកទៅលក់​នៅ​បរទេស​។ ដោយសារ​សម្លឹង​ឃើញ​ផលចំណេញ​នៅ​ចំពោះមុខ និង​សមាជិក​ភាគហ៊ុន​របស់ខ្លួន​សុទ្ធតែជា​កំពូល​មនុស្ស​ទើប ស្ត្រី​វេជ្ជបណ្ឌិត​ខ្មែរ​រូបនេះ ជឿ​ស្លុង​បោះ​ទន់​មួយ​លាន​ដុល្លារ​ចូល​ហ៊ុន​ជាមួយ​ក្រុម​សាន រិ​ច្ឆឺ​។ លុះ​ពេល​ទទួលបាន​ប្រាក់​ហើយ​ក្រុម​នេះ ក៏​គេចខ្លួន​ពី​ប្រទេស​កម្ពុជា​ទៅ​អាមេរិក​វិញ​បាត់​ឈឹង​ទើប​ម្ចាស់​ប្រាក់​ដឹងខ្លួន​ថា ចាញ់បោក​ក្រុម​កំពូល​មនុស្ស ក៏​ដាក់ពាក្យ​ប្ដឹង​មក​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពីបទ ឆបោក​ប្រាក់​តែម្ដង​។​

​គួរ​បញ្ជាក់ថា សាលាដំបូង​រាជធានី​បាន​ចោទប្រកាន់​ឈ្មោះ​សាន រិ​ច្ឆឺ (Richer San) ពីបទ​«​ឆបោក​»​ប្រាក់​១​លាន​ដុល្លារ​។ ការសម្រេច​របស់​ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍​ឲ្យ​បន្ត​ឃុំខ្លួន និង​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ គឺ​សំអាង​លើ​ហេតុផល​ជាច្រើន​ដូចជា បើ​ដោះលែង​ជនជាប់ចោទ​អាច​រត់គេចខ្លួន​មិនអាច​នាំខ្លួន​មកវិញ​បាន​៕ រដ្ឋា

Untitled-1​ជនជាប់ចោទ​ត្រូវបាន​នាំទៅ​ឃុំខ្លួន​