ភ្នំពេញ៖លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងពីការសម្រេចជាថ្មី ដោយមិនស្នើឲ្យមានការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីកំណត់ឲ្យមេបក្សនយោបាយទាំងអស់ ត្រូវមានសញ្ជាតិខ្មែរតែមួយ ដូចដែលលោកធ្លាប់លើកឡើងកាលពីពេលថ្មីៗនោះទេ។
លោកនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បែបនេះ នៅក្នុងមីទ្ទិញរម្លឹកខួបអនុស្សាវរីយ៍ លើកទី៣៧ ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា នៅទីស្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌចំការមន នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នេះ។ផ្ទុយពីមុនដែលលោកនាយករដ្ឋមន្ត្រី បានប្រកាសចង់ឲ្យមានការកែប្រែច្បាប់ឲ្យប្រធានគណបក្សនយោបាយ ត្រូវតែមានសញ្ជាតិខ្មែរតែមួយពីកំណើត។
លោកប្រធានគណបក្សប្រជាជនកម្ពុជា ដ៍មានប្រជាប្រីយ៍ភាពរូបនេះ បានថ្លែងថា មេបក្សនយោបាយទាំងអស់ នៅកម្ពុជា អាចបន្តរក្សាសញ្ជាតិច្រើនបាន ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតឲ្យបានកាន់តែច្រើន ប៉ុន្តែកម្ពុជាមិនអាចក្លាយជាចំណាប់ខ្មាំងរបស់ទណ្ឌិតម្នាក់ ឬពីរនាក់បាននោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ជាក់ផងដែរថា ការសម្រេចឲ្យមេបក្សនយោបាយមានសញ្ជាតិច្រើន គឺចង់ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៅក្រៅប្រទេសដែលមានសញ្ជាតិច្រើន មានឱកាសចូលរួមធ្វើនយោបាយរួមគ្នាឲ្យបានកាន់តែច្រើនថែមទៀត ហើយក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតជាតិឆ្នាំ២០១៨ នាពេលខាងមុខនេះ លោកប្រកាសស្វាគមន៍ចំពោះគណបក្សនយោបាយទាំងអស់ដែលបានចូលរួមប្រកួតប្រជែង៕ដោយ៖ខេមរា