បាត់ដំបង៖កម្មករម្នាក់បានស្លាប់ និង៤នាក់ទៀតបានរងរបួសស្រាល ខណៈរថយន្តដឹកម៉ាស៊ីនច្រូតស្រូវមួយគ្រឿងបានជ្រុលបង្កូតរអិលធ្លាក់ជ្រោះដែលមានទឹក ហើយត្រូវរថយន្តសង្កត់ពីលើ ។សាក្សីបញ្ជាក់ថា ទីនោះមានភ្លៀងធ្លាក់ពីយប់បណ្តាលឲ្យផ្លូវលំបែកផុក លុះរថយន្តនោះមកដល់ ក៏រអិលធ្លាក់ផ្លូវបង្កឲ្យមានអ្នកស្លាប់ និងរបួសតែម្តង។
រថយន្តដឹកម៉ាស៊ីនច្រូតស្រូវ១គ្រឿងបានរអិលជ្រុលចង្កូតធ្លាក់ផ្លូវដែលចំណោតជ្រៅក្រោយពេលមានភ្លៀងកាលពីយប់ធ្វើឲ្យផ្លូវរអិលបណ្តាលឲ្យរថយន្តក្រឡាប់៣ត្រឡប់សង្កត់មនុស្សស្លាប់ម្នាក់ និងរបួស៤នាក់ កាលពីវេលាម៉ោង៦និង២៥នាទី ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំចូលក្នុងភូមិ ស្ថិតក្នុងក្រុមទី១០ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។សពជនរងគ្រោះត្រូវសមត្ថកិច្ចរៀបចំប្រគល់ក្រុមគ្រួសារយកទៅធ្វើទៅធ្វើបុណ្យតាមប្រពៃណីនៅែអ ស្រុកកំណើត។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោង៦និង២៥នាទីព្រឹកថ្ងៃទី៩ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំចូលក្នុងភូមិ ស្ថិតក្នុងក្រុមទី១០ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ មានករណីគ្រោះថ្នាក់ក្រឡាប់ធ្លាក់ផ្លូវរបស់រថយន្ត១គ្រឿងដឹកម៉ាស៊ីនច្រូតស្រូវដែលមានមនុស្ស៥នាក់ជិះលើនោះ ។រថយន្តនេះ បានចេញដំណើរមកពីស្រុកមង្គលបូរី ឆ្ពោះមកឃុំកំពង់ព្រះ ស្រុកសង្កែ ដើម្បីស៊ីឈ្នួលច្រូតស្រូវឲ្យគេ ។
ពេលមកផ្លូវលំចុះពីផ្លូវជាតិចូលដល់ផ្លូវដីបត់កែងបានរអិលធ្លាក់ជ្រោះ ព្រោះកាលពីយប់ថ្ងៃទី៨ មានភ្លៀងធ្លាក់មួយប្រាវនៅតំបន់នោះ បណ្តាលឲ្យរថយន្តក្រឡាប់ខ្លួនឯង ៣ ត្រឡប់ ហើយសង្កត់មនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និង៤នាក់ទៀតរងរបួសស្រាល។
ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ វន វេត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិជ្រាល ឃុំល្វាស្រុកពួក ខេត្តសៀមរាប។រីែអអ្នករបួស ទី១ឈ្មោះ សួស ឡុញ ភេទប្រុសអាយុ១៨ឆ្នាំ ទី២ឈ្មោះ សម័យ ភេទប្រុសអាយុ២៥ឆ្នាំ ទី៣ឈ្មោះ សាន ភេទប្រុសអាយុ៥៧ឆ្នាំ ។អ្នកស្លាប់ និងអ្នករបួសខាងលើនេះជាកម្មករ រស់នៅខេត្តសៀមរាបជាមួយគ្នា និងអ្នករបួសម្បាក់ទៀតឈ្មោះ លី ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាម្ចាស់រថយន្ត។
ប្រភពបានបញ្ជាក់ថា ក្រោយបានកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាននាំគ្នាចុះមកកន្លែងកើតហេតុ និងស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋានស្រុករង់ចាំម្ចាស់រថយន្តចូលមកដោះស្រាយតាមក្រោយ។ចំណែកជនរងគ្រោះដែលបានស្លាប់ សមត្ថកិច្ចបានជួយដឹកយកទៅប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ដល់អាសយដ្ឋាននៃសព៕ដោយ៖ប៉ែន សុផល