ភ្នំពេញ៖ស្ត្រីម្នាក់បានអះអាងថារថយន្ត ឡិចស៊ីស RX300 ពណ៌ខ្មៅមួយគ្រឿងបានជួលឲ្យគេហើយក៏បាត់ដំណឹងឈឹង ទើបនៅវេលាម៉ោង7ព្រឹកថ្ងៃទី9ខែមករាឆ្នាំ2016 ឃើញចតនៅមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងស្ថិតនៅភូមិក្បាលដំរីសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីឈ្មោះ អ៊ុក ស្រីពៅ អាយុ36ឆ្នាំមុខរបរកាត់ដេរស្នាក់នៅភូមិអន្លង់ក្ងានសង្កាត់ឃ្មួញខណ្ឌសែនសុខ ហើយអះអាងថារថយន្ត ឡិចស៊ីស RX300 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2H 6326 ជារថយន្តរបស់គាត់ដែលជួលឲ្យគេហើយបាត់រហូតទើបប្រទះឃើញនៅថ្ងៃនេះ។
ចំណែកយុវជនដែលកំពុងប្រើប្រាស់រថយន្តខាងលើមានឈ្មោះ យឹម ចាន់តារា អាយុ27ឆ្នាំ ស្នាក់នៅភូមិ01សង្កាត់ 04ខណ្ឌមិត្តភាពខេត្តព្រះសីហនុ។
ស្ត្រីឈ្មោះ អ៊ុក ស្រីពៅ បានឲ្យដឹងថារថយន្តរបស់គាត់ដូចមានស្លាកលេខខាងលើ បានទិញតាំងពីថ្ងៃទី26ខែតុលាឆ្នាំ2012មកម្ល៉េះហើយបានជួលទៅឲ្យ នារីម្នាក់ឈ្មោះ កែវ ស្រីនិត អាយុ28ឆ្នាំស្នាក់នៅសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ ក្នុងមួយខែ400$ជួលបានតែ4ខែប៉ុណ្ណោះក៏បាត់រហូតអ្នកជួលរថយន្តក៏រត់បាត់រថយន្តក៏មិនឃើញតាំងពីពេលនោះមក។
ចំណែកបុរសឈ្មោះ យឹម ចាន់តារាវិញបានអះអាងថាគាត់បានទិញរថយន្តខាងលើពីឈ្មោះ តាំង សុធី ភេទប្រុសអាយុ 42ឆ្នាំមិនមានឯកសារច្បាស់លាស់ទេ។រីឯកាតគ្រីរថយន្តវិញជាកម្មសិទ្ធ ឈ្មោះ លឹមប៊ុន ដារិទ្ធ ភេទប្រុស ស្នាក់នៅផ្ទះលេខ 2BEO ផ្លូវ134សង្កាត់វាលវង់ ខណ្ឌ7មករា។
សមត្ថកិច្ចបានប្រាប់បច្ចុប្បន្នភាពថារថយន្តឡិចស៊ីសមួយគ្រឿងមានម្ចាស់ដល់ទៅ2នាក់ ដូច្នោះមានតែឃាត់ខ្លួនយុវជនឈ្មោះ យឹម ចាន់តារានិងរថយន្តជាបណ្ដោះអាសន្នសិនរងចាំកំលាំងសមត្ថកិច្ចបន្តស្រាវជ្រាវរកម្ចាស់ពិតប្រាកដ បើសិនជារថយន្តខាងលើជាប់ពាក់ព័ន្ធនិងករណីជួលបាត់រថយន្តជាច្រើនគ្រឿងកាលពីជាង3ឆ្នាំមុនមែនអ្នកទទួលទិញអាចមានទោសទណ្ឌជាក់ជាមិនខាន៕ដោយ៖សួង សាម