ភ្នំពេញ៖ផ្សារទំនើប និងចំណតរថយន្តក្រោមដី ត្រូវបានឯកភាពជាគោលការណ៍ដោយសាលាក្រុងភ្នំពេញឲ្យក្រុមហ៊ុនឯកជនចំនួនពីរគឺ ក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុនវឌ្ឍនៈ(Vattanak) ស្ថាបនាឡើងនាពេលដ៏ខ្លីខាងមុខនេះ នៅចំណុចសក្យមុនីចេតិយចាស់ ជិតរាជាយស្ម័យានភ្នំពេញ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ថា គម្រោងនេះ សាលារាជធានីបានព្រមព្រៀងជាគោលការណ៍ហើយ ចំណែកក្រុមហ៊ុនទាំងពីរដែលទទួលបានសិទ្ធិសាងសង់កំពុងសិក្សាប្លង់។លោកបន្តថា «សាលាក្រុងលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជននានា ចូលរួមអភិវឌ្ឍកសាងហេដ្ឋារចនាសម្ពន្ធបែបនេះបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ត្បិតសាលាក្រុងគ្មានធនធានគ្រប់គ្រាន់កសាងសំណង់បែបនេះឡើយ»។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា « រាជធានីភ្នំពេញ មានបញ្ហាប្រឈមមួយត្រង់អត់មានចំណតគ្រប់គ្រាន់ អ៊ីចឹងបានជាមានការចតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវ ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍។ អ៊ីចឹងទេ បើសិនមានការបណ្ដាក់ទុនវិនិយោគពីវិស័យឯកជន លើការធ្វើចំណតនេះ វារឹតតែប្រសើរ និងជាការចូលរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញ បាត់បង់ការកកស្ទុះ និងបាត់សណ្ដាប់ធ្នាប់តាមផ្លូវហ្នឹងដែរ»។
បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានការកកស្ទុះចរាចរណ៍ជារៀងរាល់ថ្ងៃ បណ្ដាលពីការបើកបរមិនគោរពច្បាប់ចរាចរណ៍ រួមនឹងការចតយានយន្តគ្រប់ប្រភេទលើទ្រូងផ្លូវ ឬលើចិញ្ចើមផ្លូវជាដើម ហើយនាពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកយ៉ាងខ្លាំងក្នុងការបញ្ចៀសមិនឲ្យមានគ្រោះថ្នាក់ដោយការធ្វើដំណើរ តាមរយៈការរឹតបន្តឹងច្បាប់ចរាចរណ៍៕ដោយ៖គ.បញ្ញា
សក្យមុនីចេតិចាស់( រូបថតឆ្នាំ២០១១)