កំពង់ស្ពឺ៖យ៉ាងហោចណាស់មានកម្មការិនីរោងចក្រកាត់ដេរចំនួន ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងប្រមាណជា ៧០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ។នេះបើយោងតាមសេចក្តីរាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះភ្លាម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះបានប្រកាសថា នៅក្នុងឧទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកកម្មករពីរគ្រឿងបានបុកគ្នា តាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់ចំណុចព្រំប្រទល់ស្រុកគងពិសី និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលកម្មការិនីចំនួន ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួធ្ងន់ស្រាល ប្រមាណជា ៧០នាក់។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខ និងមានក្តីរន្ធត់ ក្រៀមក្រំយ៉ាងក្រៃលែង នៅពេលទទួលដំណឹងថា មានឧទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចយាយក្រមួន ឃុំរកាកោះ ស្រុកគងពិសី ( ព្រំប្រទល់ស្រុកគងពិសី និងស្រុកសំរោងទង ) ស្ថិតតាមផ្លូវលេខ៤១ ដែលបណ្តាលអោយកម្មករ ៣ នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរបួសធ្ងន់ស្រាល ៧០ នាក់។
គួររំឭកថា នៅវេលាម៉ោងប្រមាណជាង ៦ ព្រឹកថ្ងៃទី១២ ខែមករា នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបង្កឡើងដោយរថយន្តកូរ៉េ ១ តោនកន្លះ ដឹកកម្មករ កម្មការិនីរោងចក្រកាត់ដេរចំនួន២គ្រឿងបានចង្កូតបុកគ្នាបណ្តាលឲ្យរថយន្តមួយគ្រឿងក្រឡាប់ ដាច់ក្បាល។ ដោយឡែក ចំពោះអ្នកបើកបររថយន្តទាំងពីរ បានរត់គេចខ្លួនបាត់ ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ។
ឧបទ្ទវហេតុនេះ បណ្តាលឲ្យកម្មការិនី ៣នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ និងជាច្រើននាក់ទៀតរងរបួសធ្ងន់ និងស្រាល ត្រូវសមត្ថកិច្ចជួយរៀបចំបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះព្យាបាល។រហូតមកដល់វេលាថ្ងៃត្រង់ នាថ្ងៃដដែលនេះនៅមិនទាន់មានសេចក្តីរាយការណ៍បន្ថែមពីជោគវាសនារបស់ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនោះនៅឡើយទេ៕ដោយ៖ខេមរា . រាយការណ៍បន្ថែម៖ អ៊ួង វ៉ឹង