ខេត្តព្រៃវែង៖បុរសម្នាក់បានត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំក្បាលដួលស្លាប់ក្នុងរបងផ្ទះរបស់ខ្លួន ខណៈកំពុងបីកូនតូចឈរមើលក្រុមលោកអធិការនគរបាលស្រុកចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ដោយមានការផ្ទុះអាវុធ។
ប្រភពព័ត៌មានបានឲ្យដឹងថា លោកអធិការស្រុកស្វាយអន្ទរបាននាំកំលាំងទៅចុះបង្ក្រាបកន្លែងប្រជល់មាន់មួយកន្លែងនៅក្នុងភូមិកើតហេតុ ក្នុងភូមិតងឡង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ។ មិនដឹងជាមានបញ្ហាអ្វីនោះទេ ពេលទៅដល់លោកអធិកាបានទាញកាំភ្លើងខ្លីបាញ់បណ្តាលឲ្យប្រជាពលរដ្ផម្នាក់ដែលកំពុងតែឈរបីកូនតូចក្នុងរបងផ្ទះរបស់ខ្លួនត្រូវគ្រាប់កាំភ្លើងចំក្បាលមួយគ្រាប់ដួលស្លាប់មួយរំពេច។សូមបញ្ជាក់ថា សង្វៀនបញ្ជល់មាន់មានទីតាំងនៅជាប់នឹងរបងផ្ទះរបស់ជនរងគ្រោះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង២ះ៣០នាទីរសៀល ពួកអ្នកប្រជល់មាន់បានរៀបចំការប្រជល់។ក្រោយមកបន្តិចក៏ឃើញលោកអធិកានគរបាលឈ្មោះពុំ កាន់ បាននាំកំលាំងចំនួន៥នាក់មកជាមួយ ។ប្រភពបន្តថា ពេលឃើញសមត្ថកិច្ចមកដល់ អ្នកលេងជល់មាន់ក៏នាំគ្នារត់ប្រសេចប្រសាច ។ខណះនោះគេឃើញជនរងគ្រោះដែលកំពុងបីកូនឈរមើលនៅក្នុងដីផ្ទះរបស់ខ្លូនដែលជាប់របងផ្ទះគ្នានោះបានដួលដេកដោយមានឈាមហូរចេញពីក្បាល បន្ទាប់ពីឮស្នូរកាំភ្លើងដែលបាញ់ដោយលោក ពុំ កាន់ ។
ជនរងគ្រោះឈ្មោះ កិះ អ៊ីម ភេទប្រុស អាយុ ៣៧ ឆ្នាំនៅក្នុងភូមិតងឡង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំក្បាលលើគុម្ពត្រចៀកស្តាំ។
សាក្សីខ្លះបាននិយាយាថា ភ្លាមៗនោះ គេឃើញប្រពន្ធជនរងគ្រោះឈ្មោះ សឹម ម៉េន អាយុ៣៤ឆ្នាំ បានស្ទុះរត់ទៅលើកកូនពីដៃប្តី ហុចកូនបន្តទៅឲ្យប្អូនស្រី ហើយរត់ដេញតាមទៅប្រតាយប្រតោបជាមួយលោកអធិការរហូតដល់ឡានរបស់លោកអធិការ ប៉ុន្តែលោកអធិការបានបើករថយន្តចេញយ៉ាងលឿន។
ប្រភពព័ត៌មានបានបន្តថា ស្នងការនគរបាលខេត្តព្រៃវែងលោក ស្រេង ជា បាននិយាយថា លោកអធិការឈ្មោះពុំ កាន់ បានផ្ទុះអាវុធមែន បច្ចុប្បន្នបានឃាត់ខ្លួនលោក ពុំ កាន់ រួចហើយយកមកសាកសួរ ដើម្បីស្វែងរកការពិតដែលបណ្តាលឲ្យមានការផ្ទុះអាវុធ៕ដោយ៖សហការី