ខេត្តបាត់ដំបង៖ជនប្រដាប់អាវុធមួយក្រុមបានចូលប្លន់អ្នកស្រុក យកលុយដែលទើបលក់ស្រូវបានជាង៣ម៉ឺនបាតហើយគេចខ្លួនបាត់ដោយសុវត្ថភាព។
ជនរងគ្រោះឈ្មោះ អោម ពត អាយុ៤២ឆ្នាំ បានអោយដឹងថា នៅយប់ម៉ោង១០:៤៥នាទី ថ្ងៃទី១៤ ខែមករា នេះ មានក្រុមចោរប្លន់ ចំនួន៣នាក់ប្រដាប់ដោយអាវុធ២ដើមបានសំរុកចូលធ្វើសកម្មភាពគំរាមរកបាញ់សម្លាប់ចោល ហើយប្រមូលយកលុយនៅក្នុងការបូបដែលនៅសល់ពីការទូទាត់សងគេ។
ជនរងគ្រោះបន្តរថា ក្រុមចោរចំនួន២នាក់បាន សម្លុតគំរាមអោយលោកក្រាបនិងកុំអោយស្រែកចំណែកម្នាក់ទៀតសំឡុតប្រពន្ធរបស់លោកអោយយកលុយដែលទើបលក់ស្រូវបានពីល្ងាចអោយពួកវា។ចំណែកអ្នកស្រី គិន សាវង់ អាយុ៣៣ឆ្នាំ ជាជនរងគ្រោះត្រូវជាប្រពន្ធបាន អោយដឹងថា លុយដែលលោកស្រីលក់ស្រូវ បានសរុបចំនួនជាង១០ម៉ឺនបាត ។ ក្រោយពីលក់បានលុយហើយ លោកស្រីបានយកទៅទូទាត់សងថ្លៃច្រូត ថ្លៃជីអស់១ចំនួនធំ នៅសល់តែ៣៣០០០បាតតែប៉ុណ្ណោះក៍ត្រូវក្រុមចោរប្រមូលយកអស់តែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីប្លន់ប្រដាប់អាវុធ ខាងលើកើតឡើងនៅវេលាម៉ោង១០:៤៥នាទីក្នុងក្រុមទី៣ ភូមិស្លាស្លាក់ ឃុំអន្លុងរុន ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រុមចោរមានកាំភ្លើងចំនួន២ដើម អាវុធវែង១ដើមនិងខ្លី១ដើម ក្រោយពីធ្វើសកម្ម ភាពបានគេចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ចកំពុង កំណត់មុខសញ្ញាជនល្មើសយកមកផ្តន្ទាទោស៕ដោយ៖ប៉ែន សុផល