កំពង់ចាមៈ កម្មករបំរើការងារនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ ចំនួន៥នាក់ត្រូវបានមេការប្តឹងអោយសមត្ថកិច្ចចាប់ខ្លួនពីបទ “ប៉ុនប៉ងហឹង្សាដោយចេតនា និងគំរាមកំហែងរកដុតស្ថានីយ៍ប្រេងឥន្ទនៈ ព្រមទាំងឃាំ្លងផលិតទឹកសុទ្ធ” របស់ថៅកែខ្លួន បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី១១ មករា ឆ្នាំ២០១៦ នៅភូមិស្លែង ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយត្រូវបានចាប់ខ្លួនបញ្ជូនទៅព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
លោកវរៈសេនីយ៍ត្រី សួន រស់ បានអោយដឹងថា កម្មករទាំង៥នាក់ត្រូវបានចាប់ខ្លួនមានទី១ឈ្មោះ សេក ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិតារាម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ទី២ ឈ្មោះ ឆុន សុខណា ហៅម៉ាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជាមួយគ្នា ទី៣ ឈ្មោះ សុខ ដា ហៅ ឃុយ ភេទប្រុស អយុ១៧ឆ្នាំ នៅភូមិត្រាំងថ ឃុំថ្មពូន ស្រុកព្រៃឈរ ទី៤ឈ្មោះ ញឹម វ៉ាន់អ៊ី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិជាមួយគ្នា ទី៥ឈ្មោះ សម្បត្តិ រិទ្ធ ហៅរ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមចម្លើយជនសង្ស័យទាំង៥នាក់ មានន័យប្រហាក់ប្រហែលគ្នា បានអោយដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១០ជាង (ព្រឹក) ពួកគេបានផឹកស្រាអឡិចហ្សង់វីស្គី នៅឃ្លាំងទឹកសុទ្ធ រហូតដល់ម៉ោង១៧ល្ងាច ពួកខ្លួនទាំង៥នាក់នៅរង់ចាំបើកលុយពីមេការឈ្មោះ ពីង សុភារម្យ ជាមួយកម្មករឯទៀត ដែលធម្មតាពួកគាត់ទទួលបានប្រាក់១៤០ដុលា្ល ក្នុង១ខែ តែពេលនេះពួកគាត់បានតែ ២០០,០០០រៀល ដោយមេការប្រាប់ថា កាត់ប្រាក់ខែខ្លះ ព្រោះពួកគាត់ធ្វើការខ្ជីខ្ជារ មិនពេញម៉ោង និងផឹកស្រានៅពេលកំពុងធ្វើការ។
ក្រោយមកឃើញឈ្មោះ សម្បត្តិ រិទ្ធ កាន់ដាវគ្រវី អូសចុះអូសឡើង ហើយក៏ហុចអោយគ្នាទៅវិញទៅមក តែមិនបានរកកាប់អ្នកណាទេ។ បន្តិចក្រោយមក ស្រាប់តែឃើញសមត្ថិកិច្ច ចេញមកចាប់ពួកខ្លួនទាំង៥នាក់ ដោយយោងតាមបណ្តឹងរបស់មេការឈ្មោះ ម៉ាង សុភារម្យ ចោទពួកខ្លួនថា គំរាមគំហែង និងចង់ដុតប្រេងស្ថានីយ៍របស់ថៅកែទៀតផង។
កម្មករទាំង៥នាក់ត្រូវចាប់ខ្លួន បានបញ្ជាក់ថា ពួកគាត់មកធ្វើកម្មករអោយថៅកែឈ្មោះ ថន សុខនី ហៅ ម៉ាប់ បានចំនួនបីខែមកហើយ ពេលធ្វើការ ពួកខ្លួនក៏ធ្លាប់ប្រលែងលេងជាមួយកម្មករម្នាក់ជាមនុស្សខ្ទើយ និងបានស្រែកជេរលេង សើចធម្មតា មិនដែលជេរមេការ ឬថៅកែទេ តែពេលនេះលុយត្រូវគេកាត់ការងារត្រូវបញ្ឈប់ និងប្រឈមមុខជាប់គុកថែមទៀត។ ពួកគេសុំអោយចៅក្រម ដោះលែងអោយមានសេរីភាពវិញ។
លោក រី ប៉ូ នាយផ្នែកការិយាល័យនគរបាលព្រហ្មទណ្ឌ កំរិតស្រាលខេត្តកំពង់ចាមបានអោយដឹងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ សមត្ថិកិច្ចបានបញ្ជូនសំណុំរឿង និងជនសង្ស័យទាំង៥នាក់ ទៅព្រះរាជ្ញា អមសាលាដំបូងខេត្តកំពង់ចាមដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ស ភ័ណ្ឌ