ឧកញ៉ា គួច ម៉េង​លី ត្រូវ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ឲ្យ​សុំទោស​ករណី​រិះគន់​គ្រូពេទ្យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 January, 2016 ក+ ក-

ភ្នំ​ពេ​ញ៖​ឧកញ៉ា គួច ម៉េង​លី ជា​ម្ចាស់​សាលា​អន្តរទ្វីប​អាមេរិកកាំង កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ម្សិល​ម៉ិ​ញ​នេះ ត្រូវ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ប្រកាស​ឲ្យ​សុំទោស​ជា​សាធារណៈ និង​កែតម្រូវ​ពាក្យសម្តី​ដែល​រិះគន់​ពី​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ដែលលោកបានធ្វើកិច្ចសម្ភាសន៍​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ។​

​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៤​ខែមករា ឆ្នាំ​២០១៦ បានចេញ​លិខិត​មួយច្បាប់​ហើយ​ត្រូវបាន​គាំទ្រ​ដោយ​ប្រធាន​គណៈ​គ្រូពេទ្យ​កម្ពុជា គណៈ​ទន្តពេទ្យ​កម្ពុជា គណៈ​គិលានុបដ្ឋាក​កម្ពុជា​និង​គណៈ​ឆ្មប​កម្ពុជា ដោយ​ឲ្យ​លោក​ឧកញ៉ា គួច ម៉េង​លី ធ្វើការ​សុំទោស​ជា​សា​ធា​រណៈ និង​កែតម្រូវ​សំដី​ដែល​ស្ថាប័ន​ជំនាញ​មួយ​នេះ​ចាត់ទុកថា ជាការ​និយាយ​ប្រមាថ និង​បរិហាកេរ្តិ៍​ដល់​សេចក្តីថ្លៃថ្នូរ​របស់​គ្រូពេទ្យ និង​អ្នក​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​។​

គួរ​ជម្រាប​ថា លោក​ឧកញ៉ា គួច ម៉េង​លី ជា​ស្ថាបនិក​និង​ជានា​យក​ក្រុមហ៊ុន Mengly J. Quach Holding​ហើយ​លោក​ក៏​ជា​ម្ចាស់​សាលា​អន្តរទ្វីប​អាមេរិកកាំង​មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​។​

​កាលពីដើម​សប្តាហ៍​នេះ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចុះផ្សាយ​បទសម្ភាសន៍​ជាមួយ​លោក​ឧកញ៉ា គួច ម៉េង​លី ក្រោម​ចំណងជើង​ថា​៖ “​ពី​ក្មេង​ល្ងង់ខ្លៅ ក្រីក្រ ដើរ​រើស​ចំណី​តាមផ្លូវ​បរិភោគ​ទៅជា​សេដ្ឋី​ចិត្តធម៌​”​។ ក្នុង​អត្ថបទ​នោះ កាសែត​បាន​ដកស្រង់​សំដី​លោក គួច ម៉េង​លី ថា​៖ “​ខ្ញុំ​អត់​ដែល​ជួប​ពេទ្យ​ណា​អាក្រក់​សែន​អាក្រក់​ដូច​ពេទ្យ​នៅ​ស្រុក​ខ្មែរ​យើង​ទេ​។ គាត់​គ្មាន​វិជ្ជាជីវៈ​គ្មាន​ភាពទន់ភ្លន់ គ្មាន​មេត្តាធម៌ នេះ​ខ្ញុំ​មិនមែន​និយាយ​ទាំងអស់​ទេ ខ្ញុំ​និយាយ​បើ​ខ្ញុំ​បាន​ជួប​១០​មាន​អាក្រក់​៩​។ បើ​មាន​អាកប្បកិរិយា​មារយាទ​អំនួត អឿ ឈ្លើយ ម៉ា​កាវ តើ​កូន​ខ្មែរ​យើង​អភ័ព្វ​យ៉ាងដូច​ម្តេ​ទៅ​។ ពេល​គេ​ទៅ​ព្យាបាល​ម្តង សឹងតែ​លុតជង្គង់​អង្វរ​គាត់​(​ពេទ្យ​)​។ ពេទ្យ​ដែល​គ្មាន​ជំនាញ​វិជ្ជាជីវៈ ក្រមសីលធម៌​ហើយ​ជា​អ្នក​សម្លាប់​មនុស្ស​”​។​

អត្ថបទ​ដែល​ប្រើ​សំដី​លោក​ឧកញ៉ា គួច ម៉េង​លី បន្តថា​៖ “​វិស័យ​សុខាភិបាល​យើង បើ​ខ្ញុំ​ឲ្យ​ពិន្ទុ​ពី​១​ដល់ ១០ ខ្ញុំ​ឲ្យ​២​ពិន្ទុ​។ បើ​អ្នកក្រ​ទៅ​ពេទ្យ​ខ្ញុំ​ហាន​ធានា​គេ​នឹង​ដេក​នៅ​ចិញ្ចើមផ្លូវ​នោះ​ជា​អ្វីដែល​ខ្ញុំ​ឃើញ​ទិដ្ឋភាព​ដោយផ្ទាល់​។ ស្រី​សម្រាលកូន​ខ្លះ​កូន​អាច​ស្លាប់​ក្នុង​ពោះ​បើ​គ្មាន​លុយ​វះ​។ សំណួរ​ដែល​ត្រូវ​សួរ​ខ្លួនឯង​ពេលនេះ​គឺថា​ក្នុង​សតវត្សរ៍​ទី​២១ តើ​កម្ពុជា​យើង​ត្រូវ​ឆ្លងកាត់​ភាព​វេទនា​នេះ​បន្ដទៀត​ឬ​យ៉ាងណា​?

ក្នុង​លិខិត​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ដដែល​បញ្ជាក់ថា​៖ “​ចំពោះ​ការនិយាយ​បរិហារកេរ្តិ៍ និង​ប្រមាថ​ជា​សាធារណៈ​របស់លោក​មក​លើ​គ្រូពេទ្យ និង​អ្នក​វិជ្ជាជីវៈ​សុខាភិបាល គណៈ​វិជ្ជាជីវៈ​សុខាភិបាល សុំ​ឲ្យ​លោក​តម្រូវ និង​សុំទោស​ជា​សាធារណៈ​ចំពោះ​ពាក្យសម្តី​របស់លោក​”​។​

​លិខិត​បញ្ជាក់ថា​៖ “​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ចាត់ទុកថា​ការលើកឡើង​របស់លោក​ជាការ​វាយតម្លៃ​ដែល​គ្មាន​មូលដ្ឋាន គ្មាន​វិជ្ជាជីវៈ គ្មាន​ការទទួលខុសត្រូវ​និង​មាន​ចរិត​បំផ្លើស បន្តុះបង្អាប់​ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​គ្រូពេទ្យ​និង​អ្នក​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​”​។

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បានផ្តល់​យោបល់​ថា​លោក គួច ម៉េង​លី មិនគួរ​សុំទោស​ចំពោះ​ការលើកឡើង​របស់លោក​ក្នុងកាសែតនោះទេ និងបាន​ប្រៀបធៀប​ថា ការលើកឡើង​របស់លោក​ឧកញ៉ាគ្រាន់តែ​ដើម្បី​ឆ្លុះបញ្ចាំង​ពីទិដ្ឋភាពជាក់ស្តែងក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជាប៉ុណ្ណោះ​។​

ទោះបីជា​បែបនេះ​ក្តី គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា បានបញ្ជាក់​ដោយ​សង្កត់ធ្ងន់​ថា​៖ “​សូម​លោក​ធ្វើការ​កែតម្រូវ និង​សុំទោស​ជា​សាធារណៈ​ជា​ចំ​បាច់​” ៕ ដោយ៖ រដ្ឋា

gvfcaa

 

 

 

 

 

 

លោក គួ​ច ម៉េង​លី ​( ​រូបក្នុងហ្វេ​ស​ប៊ុ​កលោក គួ​ច ម៉េង​លី ​)