ដោយ៖ សុខណាត
មណ្ឌលគិរី៖បងស្រី ណាល់ ពិដោ អាយុ៤០ ឆ្នាំ ជាអនុប្រធានមន្ទីរ ធម្មការ និងសាសនា ខេត្តមណ្ឌលគិរី បានធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយខ្វះលទ្ធភាពព្យាបាលបានដង្ហោយសុំការឧបត្ថម្ភពីសប្បុរសជនទីជិតឆ្ងាយដើម្បីសង្គ្រោះអាយុជីវិត។
នៅចំពោះមុខអ្នកយកព័ត៌មាន បងស្រី ណាល់ ពិដោ បានប្រឹងក្រោកអង្គុយយ៉ាងលំបាក ហើយរៀបរាប់ទាំងរលីងរលោងទឹកភ្នែកថា« ខ្ញុំបានធ្លាក់ខ្លួនឈឺរយៈពេលពីរឆ្នាំមកហើយ។ទ្រព្យសម្បត្តិកេរអាករមានបន្តិចបន្តួចដែលខិតខំរកសន្សំទុក ខ្ញុំបានចំណាយលើការព្យាបាលអស់ហើយ គ្មានសេសសល់អ្វីជាដុំកំភួនសម្រាប់ការព្យាលទៀតទេ សូម្បីតែម្ហូបអាហារប្រចាំថ្ងៃក៏ត្រូវត្រដរខ្យល់ដែរ»។បងស្រីបន្តថា« នៅរយៈ២០ថ្ងៃ ចុងក្រោយនេះ ខ្ញុំត្រូវធ្លាក់ក្នុងអាការៈឈឺកាន់តែខ្លាំងថែមទៀត ដើរទៅណាមកណាលែងកើតតែម្តង ដេកនៅតែនឹងកន្ទេល ហើយមិនដឹងជាយកអ្វីមកដោះស្រាយទេ ព្រោះសូម្បីតែប្លង់ផ្ទះ ក៏បញ្ចាំយកប្រាក់មកមើលខ្លួនអស់ដែរ»។
បងស្រី ណាល់ ពិដោ បានទាញក្រមាមកជូតផ្តិតទឹកភ្នែករួចពោលបន្តថា« គ្រូពេទ្យប្រាប់ថាខ្ញុំមានជំងឺរលាកស្រោមខួរក្បាល ជំងឺបេះដូង និងជំងឺសើរស្បែកធ្ងន់ធ្ងរ។ ដំណាក់ការចុងក្រោយនេះ ខ្ញុំកាន់តែពិបាកដេក ពិបាកអង្គុយ ព្រោះស្បែកស្បែកវាបានរលាក រឡេះ រលួយស្ទើគ្រប់កន្លែង »។
សូមជម្រាបថា បងស្រី ណាល់ ពិដោ រស់នៅ សង្កាត់ មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅខាងក្រោយវត្ត ព្រះពុទ្ធមណ្ឌលគិរី ប្រហែល ១៥០ ម៉ែត្រ ។គាត់មានកូន ៤នាក់ក្នុងបន្ទុក ប្តីរបស់គាត់ស៊ីឈ្នួលគេ រកលុយមើលជំងឺគាត់មិនទាន់ពេលទេ ចំណែកកូនៗក៏មិនអាចជួយរកចំណូលដើម្បីជួយព្យាបាលជំងឺរបស់គាត់ឲ្យចាកផុតពីគ្រោះថ្នាក់ដល់អាយុជីវិតបានដែរ។
បងស្រី ណាល់ ពិដោ បានលើកដៃឡើងប្រណមហើយពោលដោយក្តីអង្វរថា« នាងខ្ញុំលើកដៃប្រណមអង្វរសូមក្តីអាណិតមេត្តាពីអស់លោក លោកស្រី បងប្អូនសប្បុរសជនទីជិតឆ្ងាយ មេត្តាឧបត្ថម្ភទៅតាមសមានចិត្តជ្រះថ្លា ជួយសម្រាលទុក្ខលំបាកចំពោះមុខនេះ ដើម្បីស្រោចស្រង់ជីវិតនាងខ្ញុំឲ្យបានរួចផុតពីសេចក្តីស្លាប់ផង »៕