ដោយ៖រដ្ឋា
ភ្នំពេញ៖ក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ នៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃចន្ទ ទី១៨ មករា នេះ បានរកឃើញ និងបន្តឡោមព័ទ្ធឈើរាប់សិបពាន់ម៉ែត្រគីបដែលឈ្មួញ និងឧកញ៉ាមួយចំនួនបានលាក់ទុកនៅក្នុងព្រៃ នៅក្នុងឃ្លាំង និងនៅក្នុងដីសម្បទានសេដ្ឋកិច្ចចិន ក្នុងខេត្តក្រចេះ ព្រោះសមត្ថកិច្ចមិនអាចដឹកជញ្ជូនចេញ និងគ្មានកន្លែងស្តុកទុក។
អ្នកឆ្លើយឆ្លងព័ត៌មានបានរាយការណ៍ពីតំបន់ប្រតិបត្តិការថា ឈើដែលសមត្ថកិច្ចកំពុងតែគ្រប់គ្រង មាននៅខេត្តក្រចេះ ជាង ១០០០ម៉ែត្រគីប នៅខេត្តមណ្ឌលគីរីប្រមាណពី ១០០០ ទៅ ២០០០ ម៉ែត្រគីប និងនៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចចិនក្នុងខេត្តក្រចេះ មានជិត ៣ពាន់ម៉ែត្រគូប (២.៧១៣ម៉ែត្រគូប)។
ប្រភពបន្តថា ឈើដែលរកឃើញស្តុកទុកនៅក្នុងឃ្លាំងរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា មានប្រមាណជាង ២០០០ កំណាត់(មិនទាន់រាប់អស់) ជិត ១០០០ ម៉ែត្រគីប និងឈើរបស់ឧកញ៉ា សឹង្ហ សំអុល ក៏បានរកឃើញផងដែរ តែមានចំនួនតិចតួចប៉ុណ្ណោះ។ ឈើរបស់ឧកញ៉ា ទាំងពីរនាក់នេះ គឺបានលាក់ទុកនៅជិតតំបន់ព្រំដែនវៀតណាម។
អ្នករាយការណ៍ព័ត៌មានបន្តថា នៅរសៀលថ្ងៃទី១៨ មករានេះ ក្រុមប្រតិបត្តិការបង្ក្រាប មិនអាចប្រមូលឈើដឹកចេញពីចំណុចដែលគេលាក់ទុកក្នុងព្រៃនោះបានទេ ដែលចាំបាច់កងកម្លាំងប្រដាប់អាវុធចម្រុះត្រូវនៅបន្តឡោមព័ទ្ធរហូតមានការណែនាំជាថ្មី ព្រោះឧទ្ធម្ភាគចក្រមានបញ្ហាបច្ចេកទេស។
ប្រភពដដែលបន្តទៀតថា កំណាត់ឈើជិត ៣ពាន់ម៉ែត្រគូប (២.៧១៣ម៉ែត្រគូប) ត្រូវបានកងកម្លាំងប្រដាប់អាវុធចម្រុះជាង ១០០នាក់កំពុងឡោមព័ទ្ធជាច្រើនចំណុច ឋិតនៅបរិវេណដីសម្បទានសេដ្ឋកិច្ចចិន ឈ្មោះ ហ្វូឡាយ ឈុន គ្រុប (FU LAI CHUN GROUP) ចំនួន ៣ថ្ងៃកន្លងមក និងរង់ចាំសេចក្តីសម្រេចពីប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើស ព្រៃឈើ លោក សៅ សុខា៕
កំណាត់ឈើក្នុងបរិវេណដី សម្បទានសេដ្ឋកិច្ចចិន ឈ្មោះ ហ្វូឡាយ ឈុន គ្រុប (FU LAI CHUN GROUP) ឋិតនៅឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។