ភ្នំពេញ៖លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារព្រមានដល់អ្នកដែលប្រឌិត ព័ត័មានប្រមាថអាយុជីវិតរបស់លោក ខណៈលោកកំពុងពិនិត្យសុខភាពនៅសឹង្ហបូរី និងចាត់ទុកអ្នកថានោះ ជាកូនចៅរបស់ជនពាល ។
ក្នុងហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២១ ខែមករា បានលើកឡើងថា អ្នកដែលប្រឌិតព័ត៌មានថាលោកស្លាប់នៅក្នុងពេលលោកកំពុងពិនិត្យសុខភាពនៅប្រទេសសិង្ហបុរីនោះគឺជាកូនចៅរបស់ជនពាល។លោកថា អ្នកនោះជាសកម្មជនគណបក្សនយោបាយដែលមេដឹកនាំរបស់ខ្លួនជាជនពាល ជាជនបោកប្រាស់អាជីព ហ្វឹកហ្វឺនតាមរបៀបក្មេងពាល ដែលសង្គមស្អប់ខ្ពើម។ លោកថា ពេលមានបញ្ហាអ្នកនោះឯងតែងតែរត់ចោលស្រុកទុកឲ្យថ្នាក់ក្រោមជាប់គុកជំនួស។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់លោកថា លោកបានវិលត្រឡប់មកវិញ ជាមួយនឹងសុខភាពរឹងមាំផងដែរ។
គួរជម្រាបថា កាលពីថ្ងៃទី១៨ ខែមករា កន្លងមកនេះ លោក ហ៊ុន សែន បានទៅពិនិត្យសុខភាពប្រចាំឆ្នាំរបស់លោក នៅប្រទេសសិង្ហបុរី តាមការណែនាំ និងការស្នើពីគ្រូពេទ្យកម្ពុជា ដើម្បីពិនិត្យឲ្យប្រាកដនូវប្រភេទជំងឺខ្លះ ដែលពេទ្យកម្ពុជាខ្វះឧបករណ៍។
លោកនាយករដ្ឋមន្ត្រីក៏បញ្ជាក់ផងដែរថា មានឯកសារច្រើនណាស់ដែលរង់ចាំលោកពិនិត្យ និងសម្រេចបន្ទាប់ពីលោកអវត្តមានចំនួន៤ថ្ងៃនេះ៕
( រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកពីបំពេញទស្សនកិច្ច នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ )