ខេត្តកំពត៖កាលពីព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ២០១៦ នេះអាជ្ញាធរខេត្ត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ អត្តសញ្ញាណកម្មឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ខូយ-ឃុនហ៊ួរអភិបាលខេត្ត។
លោកឧត្តសេនីយ៍ត្រី ម៉ៅ-ចន្ទមទុរិទ្ធ ស្នងការនគរបាលខេត្ត បានធ្វើរបាយការណ៍ឱ្យដឹងថា ដើម្បីធានាអោយការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋបានល្អប្រសើរនិងមានតម្លាភាពតាមគោលការណ៍របស់ក្រសួងមហាផ្ទៃស្នងករដ្ឋាននគរបាលខេត្តកំពតអនុវត្តសម្រេចលទ្ធផលការងារ រួមមាន ១-ការងារគ្រប់គ្រងការស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋតាមរយៈការចុះធ្វើរដ្ឋបាលចំហ តាមបណ្តាអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលរកឃើញប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តបានចំនួន៧២គោលដៅ មានមនុស្សចំនួន ១០០២នាក់ក្នុងនោះមានប្រុសចំនួន៦០០នាក់ ២-ប្រជាពលរដ្ឋធ្វើចំណាកស្រុកមានសរុបចំនួន៥៤.៩៨៨នាក់ ក្នុងនោះមាន ចំណាកស្រុកក្នុងប្រទេសចំនួន២៥.០១០នាក់មានប្រុសចំនួន១២.៤៦៤នាក់ ចំណាកក្រៅប្រទេសមានចំនួន១៨.៩៨៤នាក់មានប្រុសចំនួន១០.៧០១នាក់ ៣-ការងារផ្តល់សៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារ ក្នុងនោះមានសៀវភៅស្នាក់នៅមានចំនួន៨៦១៤ក្បាលសៀវភៅគ្រួសារ៩៤៧ក្បាល ។
ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១២រហូតដល់ដាច់ឆ្នាំ២០១៥កន្លងទៅនេះ សរុបទូទាំងខេត្តបានចំនួន៣៣៩.៥៩៣នាក់ ដោយឡែកក្នុងឆ្នាំ២០១៥កន្លងទៅនេះដែរបានបំពេញបែបបទនិងបញ្ជូនទិន្នន័យទៅក្រសួងមហាផ្ទៃបានចំនួន១៦៦.៤២០នាក់និងបានបើកផ្តល់នូវអត្តសញ្ញាណប័ណ្ណជូនដល់ដៃប្រជាពលរដ្ឋមានចំនួន១២៣.៨០៩សន្លឹក ហើយនៅសល់ចំនួនដែលត្រូវបន្តបំពេញបែបបទធ្វើបន្តទៀតមានចំនួន១៣៦.៥៦៤នាក់។
របាយការណ៍ក៏បានអោយដឹងផងដែរថាបញ្ហាប្រឈមនិងចំនួននៅសល់អនុវត្តមិនទាន់សម្រេចនេះដោយមូលហេតុ ប្រជាពលរដ្ឋមួយចំនួនបានធ្វើចំណាកស្រុក នៅក្រៅខេត្តនិងក្រៅប្រទេសមួយចំនួនពលរដ្ឋខ្លះមានជម្ងឺរ៉ាំរ៉ៃ មួយចំនួនមិនព្រមមកធ្វើ និងមួយចំនួនមិនទាន់យល់ពីសារៈប្រយោជន៍ពីអត្តសញ្ញាណប័ណ្ណ។
លោក ខូយ-ឃុនហ៊ួរបានថ្លែងការកោតសរសើរចំពោះស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចមន្ត្រីនគរបាល អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់និងមន្ត្រីពាក់ព័ន្ធដទៃទៀត ទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងកិច្ចសហការ ស្តីពីការងារអត្តសញ្ញាណកម្ម ពិសេសក្នុងយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីរបស់ក្រសួងមហាផ្ទៃជូនប្រជាពលរដ្ឋសម្រេចបានលទ្ធផលគួរអោយប្រសើរ។
លោកអភិបាលខេត្តក៏បានណែនាំផ្តាំផ្ញើដល់មន្ត្រីនគរបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំជំរុញបន្តថែមទៀត តាមរយះការពន្យល់ផ្សព្វផ្សាយអោយប្រជាពលរដ្ឋ រួមនិងមន្ត្រីរាជការតាមមន្ទីរ អង្គភាពអោយបានយល់ដឹងពីសារៈប្រយោជន៍នៃអត្តសញ្ញាណប័ណ្ណក្នុងការយកមកប្រើប្រាស់ជាឯកសារផ្ទាល់ខ្លួន ដើម្បីមកធ្វើអោយបានគ្រប់ៗគ្នា។
ជាមួយនោះលោកក៏បានផ្តាំផ្ញើដល់មន្ត្រីុបច្ចេកទេសឫុអាជ្ញាធរពាក់ព័ន្ធក៏ត្រូវជៀសវាងខុស ដោយប្រុងប្រយ័ត្នយកចិត្តទុកដាក់ចំពោះការសរសេរអក្សរឈ្មោះថ្ងៃខែឆ្នាំកំណើតអោយត្រូវនិងសំបុត្រកំណើតដែលនាំបង្កការលំបាកដល់អ្នកប្រើប្រាស់ហើយក៏ជៀសវាងលុបបំបាត់អោយបាននូវបាតុភាពអសកម្មផ្សេងៗដែលនាំអោយប៉ះពាល់និងខុសពីគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងមហាផ្ទៃដែលបានដាក់ចុះផងដែ៕