​ក្រុម​ជំទាស់​​នឹង​គម្រោង​បញ្ជូន​ជនភៀស ខ្លួន​ពី​អូស្ត្រាលីបន្តការតវ៉ា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 October, 2014 ក+ ក-

ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ​តុលា​នេះ ក្នុង​សន្និសីទកាសែត​មួយនៅ​សាកលវិទ្យាល័យ​ខេមរៈ ក្នុង​រាជធានី​ភ្នំពេញ ក្រុមយុវជន ព្រះ សង្ឃ និង​ប្រជា​សហគមន៍​មាន​បញ្ហា​ជម្លោះ ដីធ្លីបាន​បន្តជំទាស់​នឹង​គម្រោង​បញ្ជូន​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី មក​រស់នៅ​កម្ពុជា​។

​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុមអ្នកតវ៉ា​បាន​អះអាងថា កម្ពុជា​មិនទាន់មាន​សមត្ថភាព​ពេញលេញ​ដើម្បី​ទទួល​ជនអន្តោប្រវេសន៍​ចូលមក​រស់នៅ​ទេ ព្រោះ​សព្វថ្ងៃ​មិនទាន់មាន​ការគោរព​ច្បាប់ទម្លាប់​ហើយ​បញ្ហាដីធ្លី​ក៏​នៅតែ​កើតមាន​ដោះស្រាយ​មិនទាន់​ចេញ​នៅឡើយ​។​

​ព្រះ​តេជគុណ កែវ សុ​ម៉ាលី មាន​ថេរវាទ​ថា ការបញ្ជូន និង​ការទទួល​ជនអន្តោប្រវេសន៍​ពី​អូស្ត្រាលី​មក​កម្ពុជា នឹង​ជាការ​មិន​គោរព​សិទ្ធិមនុស្ស ហើយនឹង​ក្លាយជា​អំពើ​អមនុស្សធម៌ ព្រោះថា ជនអន្តោប្រវេសន៍​ទាំងនោះ មិន​ចង់​មក​រស់នៅ​កម្ពុជា​ទេ​។ អ្នកចូលរួម​សន្និសីទ​បានលើកឡើង​ថា កំពុងមាន​បញ្ហា​សង្គម​ដូចជា ភាពក្រីក្រ​ការអប់រំ ជាពិសេស​បញ្ហាដីធ្លី ។​

ប៉ុន្តែ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ជាថ្មី​ថា រដ្ឋាភិបាល​កម្ពុជា យល់ព្រម​ទទួល​ជនភៀសខ្លួន​ពី​អូស្ត្រាលី នឹងធ្វើ​ដោយ​ស្ម័គ្រចិត្ត ហើយ​ជា​លាយលក្ខណ៍អក្សរ​ថែមទៀត​។ ចំណែក​ចំនួន​គឺ​អប្បបរមា​តិចជាង ១០០ នាក់​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ខៀវ​សុភ័គ បាន​បញ្ជាក់ថា រដ្ឋាភិបាល​នឹង​បញ្ជូន​មន្ត្រី​ទៅ​ជំរុំ​ភៀសខ្លួន ណៅ​រុ នៅក្នុង​ខែតុលា​នេះ ដើម្បី​ពន្យល់​ពី​ស្ថានភាព​កម្ពុជា​។ សព្វថ្ងៃ កម្ពុជា​បានទទួល​ជនភៀសខ្លួន និង​អ្នក​សុំ​សិទ្ធិ​ជ្រកកោន ចំនួន ៩១ នាក់ មកពី ៨ ប្រទេស​។

គួររំលឹកថា កាលពី​ថ្ងៃទី​២៦​កញ្ញា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី បាន​ចុះហត្ថលេខា​រួមគ្នា លើ​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី​ការបញ្ជូន និង​ទទួល​ជនអន្តោប្រវេសន៍ ពី​ប្រទេស​អូស្ត្រាលី មក​រស់នៅ​កម្ពុជា​។ កិច្ចព្រមព្រៀង​នោះ មាន​សុពលភាព​រយៈ ពេល ៤ ឆ្នាំ​៕

Untitled-1

បាតុកម្ម​ប្រឆាំង​ការទទួលយក​ជនភៀសខ្លួន​ពី​អូស្ត្រាលី នាពេល​កន្លងមក​