ព្រះវិហារ៖ បច្ចុប្បន្នក្រុមអ្នករកស៊ីដឹកឈើខុស ច្បាប់ក្រៅតែពីប្រើរូប ភាពបង្កប់លាក់ឈើក្នុង រថយន្តទំនើបៗហើយយកឈ្មោះមន្ត្រីមាន អំណាចខ្លះធ្វើជាខ្នងបង្អែកគឺបានយកឈ្មោះអង្គភាពប្រឆាំងអំពើពុករលួយមកប្រើប្រាស់។
កាលពីថ្ងៃទី១២ ខែតុលា កន្លងទៅ អ្នកដឹកឈើ១ក្រុមចេញពីខេត្តព្រះវិហារ សំដៅខេត្តកំពង់ធំ ដែលបានយកឈ្មោះមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយមកប្រើប្រាស់ ហើយក៏បានប្រើហិង្សាព្រួតគ្នាដេញវាយអ្នកកាសែតផងដែរ។
អ្នកយកព័ត៌មានឱ្យកាសែតរស្មីកម្ពុជា ១រូប ប្រចាំខេត្តព្រះវិហារ កំពុងរងរបួស និងឈឺចាប់ផ្នែកខ្លះនៃរាងកាយ បន្ទាប់ពីក្រុមអ្នករកស៊ីដឹកឈើខុសច្បាប់ជាច្រើននាក់ បានព្រួតគ្នាវាយសំពងលើរូបគាត់។
អ្នកយកព័ត៌មានឲ្យកាសែតរស្មីកម្ពុជា នៅខេត្តព្រះវិហារ គឺលោក សៅ វណ្ឌី។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី១៤ ខែតុលា ថា កាលពីរាត្រីថ្ងៃទី១២ ខែតុលា កន្លងទៅ រូបលោក និងអ្នកកាសែតស្រឡាញ់ជាតិ ម្នាក់ទៀត បានធ្វើដំណើរដោយរថយន្តតាមបណ្ដោយផ្លូវជាតិលេខ៦២ បំណងទៅកន្លែងរូបសំណាក លោកតា ឌី។ លុះធ្វើដំណើរបានចម្ងាយប្រហែលជាង ៣គីឡូម៉ែត្រភាគខាងកើតពីទីរួមខេត្តព្រះវិហារ ក៏ប្រទះឃើញរថយន្តម៉ាកសាំងយ៉ុង (Sangyung) ១គ្រឿង ដឹកឈើដែលមានទទឹងមុខប្រវែង ១ម៉ែត្រ និងបណ្ដោយប្រហែល ៣ម៉ែត្រ ចំនួន ៣សន្លឹក ដោយមិនមានសមត្ថកិច្ចតាមផ្លូវណាបង្ក្រាប។ ឃើញដូច្នេះ លោកក៏យកកាមេរ៉ាទៅថតយករូបភាព ស្រាប់តែក្រុមអ្នកដឹកឈើនោះឈប់ឡាន ហើយចុះមករករឿង ដោយប្ដឹងទៅប៉ូលិស ព្រមទាំងហៅបក្ខពួកប្រដាប់ដោយមួកសុវត្ថិភាព និងដំបង ដេញវាយរូបលោកតែម្ដង។
លោក សៅ វណ្ឌី៖ «វាឈប់ឡានបាន វាថាយី! លោកឯងម៉េចហ៊ានថតឡានខ្ញុំ? ឥឡូវលោកឯងជួបមេខ្ញុំទៅ មេខ្ញុំមន្ត្រីប្រឆាំងអំពើពុករលួយ! ខ្ញុំថាចាំជួបគាត់ធ្វើអ្វី ខ្ញុំថតយកតែព័ត៌មានទេតើ ស្រាប់វាទូរស័ព្ទទៅស្នងការ មួលបង្កាច់ខ្ញុំនៅនឹងមុខប្រជាពលរដ្ឋ ដែលមើលអ៊ូអរហ្នឹងថា ខ្ញុំជំរិតទារប្រាក់។ វានាំបក្ខពួកវា១ឡាន ក្រោយទៀតដេញវាយខ្ញុំ វាធាក់ត្រូវ ២ជើង។ ខ្ញុំរត់ចូលព្រៃ។ ទម្រាំរួចខ្លួនវង្វេងរកផ្លូវទៅផ្ទះមិនឃើញទេ ចូលទៅវាងងឹតពេក»។
លោក សៅ វណ្ឌី បញ្ជាក់ថា បើទោះបីជាក្រុមអ្នកដឹកឈើខុសច្បាប់ បានព្រួតគ្នាវាយសំពងលើរូបលោកក៏ដោយ ក៏ពេលនេះ លោកមិនប្ដឹងសមត្ថកិច្ចទេ ដោយសារតែលោកគ្មានជំនឿលើសមត្ថកិច្ច។ លោក សៅ វណ្ឌី ឱ្យដឹងថា នៅតាមផ្លូវជាតិលេខ៦២ ចាប់ពីខេត្តព្រះវិហារ រហូតដល់ខេត្តកំពង់ធំ គឺមានសមត្ថកិច្ចប្រចាំការតាមប៉ុស្តិ៍ចំនួនជាង ២០កន្លែង ក៏ប៉ុន្តែមិនមានសមត្ថកិច្ចណាហ៊ានចាប់ឡានដឹកឈើដែលវាយតប់រូបលោក នោះឡើយ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ខេត្តព្រះវិហារ លោក ឡោ ចាន់ ឱ្យដឹងថា ក្នុងរយៈពេល ៦ខែចុងក្រោយនេះមានអ្នកកាសែតនៅខេត្តព្រះវិហារ ចំនួន ២នាក់ហើយដែលទទួលរងអំពើហិង្សាពីក្រុមអ្នករកស៊ីដឹកឈើខុស ច្បាប់។ កាលពីថ្ងៃទី១០ ខែមេសា កន្លងទៅ អ្នកយកព័ត៌មានឱ្យកាសែតកម្ពុជាថ្មី ម្នាក់ ឈ្មោះ សន មង្គល ក៏ត្រូវមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងព្រះវិហារ វាយដែរនៅពេលដែលគាត់ថតរូបរថយន្តទំនើបដឹកឈើ ១គ្រឿង។
តំណាងសមាគមការពារសិទ្ធិមនុស្សអាដហុក ព្រួយបារម្ភអំពីសុវត្ថិភាពដោយថា បច្ចុប្បន្ននេះ អ្នកកាសែតនៅខេត្តព្រះវិហារ ហាក់ទទួលរងការគាបសង្កត់ផង និងគំរាមកំហែងផង៖ «សមាគមអាដហុក មានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើអ្នកសារព័ត៌មានក្នុងខេត្តព្រះវិហារទាំងមូល ពីព្រោះឥឡូវហ្នឹងយើងឃើញថាមានការរឹតបន្តឹង ការគំរាមកំហែងគ្រប់រូបភាពពីឈ្មួញរកស៊ីបទល្មើសព្រៃឈើ ដើម្បីជាថ្នូរនៃការមិនចុះផ្សាយ»។
ក្នុងខែតុលា នេះ អ្នកយកព័ត៌មានឱ្យកាសែតរស្មីកម្ពុជា ចំនួន ២នាក់ហើយ ដែលត្រូវក្រុមឈ្មួញដឹកឈើព្រួតគ្នាវាយ។ កាលពីថ្ងៃទី៣ ខែតុលា កន្លងទៅអ្នកយកព័ត៌មានឱ្យកាសែតរស្មីកម្ពុជាម្នាក់នៅខេត្តសៀមរាបក៏ត្រូវក្រុមឈ្មួញដឹកឈើព្រួតគ្នាវាយតប់ដែរ៕(ដោយៈ rfa )
រថយន្តម៉ាកសាំងយ៉ុង (Sangyung) ដែលដឹកឈើនៅលើផ្លូវជាតិលេខ៦២ ពីខេត្តព្រះវិហារ ទៅខេត្តកំពង់ធំ ដោយមិនមានសមត្ថកិច្ចបង្ក្រាប។ (រូបថតថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ Photo Adhoc)