ភ្នំពេញ៖ សារព័ត៌មាន The New Zealand Herald បានចុះផ្សាយថា ស្ត្រីទេសចរជនជាតិញូហ្សេលែន (New Zealand) ម្នាក់ដែលអាជ្ញាធរកម្ពុជាសង្ស័យថាជាអ្នកធ្វើឲ្យបែកបាក់រូបព្រះពុទ្ធបដិមានៅក្នុងប្រាសាទបាយ័ននាពេលកន្លងមកនោះបានសារភាពថា ខ្លួនពិតជាបានធ្វើឲ្យខូចរូបព្រះពុទ្ធបដិមានោះមែន។
នាង Willemijn Vermaat វ័យជាង៤០ឆ្នាំ បានសារភាពប្រាប់ទីភ្នាក់ងារព័ត៌មាន APNZ នឹងត្រូវបានសារព័ត៌មាន The New Zealand Herald ចុះផ្សាយនៅថ្ងៃអង្គារនេះថា មូលហេតុដែលនាងវាយបំផ្លាញរូប សំណាកព្រះពុទ្ធបដិមានោះ ដោយសារតែនាងយល់ឃើញថា រូប សំណាកនោះ មិនមែនជាកម្មសិទ្ធិរបស់ប្រាសាទបាយ័ននោះឡើយ ហើយនាង Willemijn Vermaat ក៏បានសុំការអធ្យាស្រ័យពីអង្គការ UNESCO ចំពោះកំហុសរបស់ខ្លួនដែលធ្វើឲ្យបែកបាក់រូបព្រះពុទ្ធបដិមានោះដែរ។
ក្រោយពេលកើតមានហេតុការណ៏ភ្លាម អាជ្ញាធរអប្សរាដែលមានកាតព្វកិច្ចរពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរបានចេញសេចក្តី ប្រកាសពត៌មានរបស់ខ្លួនថា សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឧក្រិដ្ឋ ជនដែលបានធ្វើសកម្មភាពវាយបំផ្លាញយ៉ាងងងើលទៅលើរូបព្រះពុទ្ធនៅប្រាង្គប្រាសាទកណ្តាលនៃប្រាសាទបាយ័នជាបេតិតភណ្ឌជាតិស្ថិត នៅក្នុងក្រុងអង្គរធំ ខេត្តសៀមរាប ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ មានករណីអ្នករត់រ៉ឺម៉កម៉ូតូម្នាក់ មករាយការណ៍ជូនសមត្ថកិច្ចនគរបាលការពារបេតិកភណ្ឌប្រចាំការនៅតំបន់វត្តព្រះអង្គគោកធ្លក ក្បែរប្រាសាទបាយ័នថា ភ្ញៀវមួយរូបរបស់ខ្លួនម្នាក់ភេទស្រី អាយុ៤០ឆ្នាំ ជាជនជាតិញូហ្សេលែន មិនឃើញតាមការកំណត់ដែលណាត់ជួបនៅព្រលានជល់ដំរីទេ។
បន្ទាប់មក កម្លាំងមានសមត្ថកិច្ចបានចេញស្វែងរកស្ត្រីបរទេសរួបនោះពេញមួយរាត្រីរហូតដល់ព្រឹកថ្ងៃទី១០ ទើបឃើញគាត់នៅជ្រុងអាគេ្នយ៏នៃប្រាសាទបាយ័ន ហើយបាននាំភ្ញៀវនោះទៅសាកសួរព័ត៌មាន។ លុះព្រឹកថ្ងៃទី១០ តុលា នោះដែរ សមត្ថកិច្ចបានឃើញរូបព្រះពុទ្ធនៅប្រាង្គប្រាសាទកណ្តាល នៃប្រាសាទបាយ័ន មានការបាក់បែក ទើបសម្រេចផ្អាកការចូលទស្សនាមួយរយៈដើម្បីធ្វើការជួសជុល និងបានប្រកាសស្វែងរកឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់។
រហូតមកដល់រសៀលថ្ងៃទី១៤ ខែតុលា នេះ គេមិនទាន់ឃើញមានប្រតិ កម្មបែបណានៅឡើយទេ ពីអាជ្ញាធរអប្សរា ក៏ដូចជារាជរដ្ឋាភិបាល កម្ពុជា ក្រោយពេលសារព័ត៌មាន The New Zealand Herald បានចុះ ផ្សាយពីការសារភាពរបស់ស្ត្រីឈ្មោះ Willemijn Vermaat ដែលទទួល ស្គាល់ថាខ្លួនពិតជាបានធ្វើឲ្យខូចខាតរូបព្រះពុទ្ធបដិមានៅក្នុងប្រាសាទ បាយ័ននោះរួចមក៕ ជំនិត