FAO៖ របរ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ជា​គន្លឹះ​ក្នុងការ​លុបបំបាត់​ភាពក្រីក្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2014 ក+ ក-

​អង្គការ​ស្បៀងអាហារ​ពិភពលោក ហៅ​កាត់​ថា FAO ដែលមាន​ទីតាំង នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី បានចេញ​របាយការណ៍ មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​តុលា ស្តីអំពី​សន្តិសុខ​ស្បៀងអាហារ​ពិភពលោក និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការអត់ឃ្លាន​។ របាយការណ៍​នេះ បាន​ផ្តោត​ធ្ងន់​ទៅលើ ការជួយ​ទំនុកបំរុង​ដល់​កសិករ​ក្រីក្រ ដែលមាន​ដីស្រែ​ចំការ​បន្តិចបន្តួច ឲ្យ​ពួកគេ​អាច​ទទួលបាន​ភោគផល គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹមជីវិត និង​រួច​ផុតពី​ភាពអត់ឃ្លាន​។​
​យោងតាម​របាយការណ៍​របស់​អង្គការ​ស្បៀងអាហារ ពិភពលោក ដែល​បានចេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ មានគ្រួសារ​កសិករ​ក្រី​ក្រ​ចំនួន​ប្រមាណ​ជា ៥០០​លាន គ្រួសារ នៅក្នុង​ពិភពលោក ដែល​ធ្វើ​ស្រែចំការ ជាមួយនឹង​ផ្ទៃដី ដែលមាន​ទំហំ​តិចតួច​បំផុត ចន្លោះ​ពី ១​ទៅ ៥​ហិកតា​។ ប្រជាជន​ទាំងនោះ ដែល​សុទ្ធសឹងតែ​ជា​កសិករ​ក្រីក្រ កំពុង​ប្រឈមមុខ​នឹង​គ្រោះ​អត់ឃ្លាន ដោយ​ការខ្វះ​ស្បៀងអាហារ ព្រោះថា​ផល​ដែល​ពួកគេ​ទទួលបាន វា​មិន​គ្រប់គ្រាន់​ទៅតាម តំរូវការ​ក្នុងការ​ចិញ្ចឹមជីវិត​។​
​លោកនាយក​អង្គការ​ស្បៀងអាហារ​ពិភពលោក បាន​មានប្រសាសន៍ថា កសិករ​ក្រីក្រ​ទាំងនោះ មិនមែនជា​បញ្ហា​នោះទេ តែ​ពួកគាត់​គឺជា​ដំណោះស្រាយ​។ មានន័យថា ចង់​លប់បំបាត់​ភាពក្រីក្រ និង​ការ​អត់​ឃា្ល​ន គឺ​ពួកគាត់​នេះឯង ដែលជា​តួអង្គ​សំខាន់​ក្នុងការ​ដោះស្រាយ​។ លោក​បន្តថា យន្តការ​ពីរ​ធំៗ ដែល​អាចជួយ​ជំរុញ ប្រជាកសិករ​ក្រីក្រ ឲ្យ​ទទួលបាន​ផល​ល្អប្រសើរ ដើម្បី​ចិញ្ចឹមជីវិត លុះណាតែ ពួកគាត់​មាន​ដើមទុន​គ្រាប់​គ្រាន់ និង​មានចំណេះដឹង​ច្បាស់លាស់​ក្នុង​ការដាំដុះ​។​
​ទាក់ទិន​ទៅនឹង​បញ្ហា​កង្វះ​ដើមទុន​របស់​កសិករ កម្ចី​ឥណទាន​ខ្នាតតូច ពី​ស្ថាប័នរដ្ឋ និង​ឯកជន គឺជា​មធ្យោបាយ​តែមួយគត់ ដែល​អាច​អនុញ្ញាត​ឲ្យ​កសិករ​ក្រីក្រ មានលទ្ធភាព ពង្រីក​មុខរបរ រឺ​ចំណាយ​ទៅក្នុង​ការដាំដុះ​របស់ខ្លួន​។ មួយវិញទៀត អាជ្ញាធរ​រដ្ឋ មាន​តួនាទី ផ្តល់​ប្រឹក្សា ដល់​កសិករ ពី​របៀប​ដាំ​ដុះ មិនមែន​បណ្តោយ​ឲ្យ​ពួកគាត់ ធ្វើ​តាមតែ​យថាកម្ម​នោះទេ​។ រដ្ឋ​ក៏ត្រូវ​ជំរុញ ឲ្យ​មានការ​ស្រាវជ្រាវ​ថ្មីៗ​បន្ថែម លើ​វិស័យ​កសិកម្ម ព្រមទាំង​ជំរុញ​លើកកម្ពស់ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យនេះ​។ ទិសដៅ​របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក គឺ ជំរុញ​ការដាំដុះ​របស់​កសិករ​ទាំងនោះ ឲ្យ​មាន​លក្ខណៈ​ទំនើប ចាក​ផុតពី​ការដាំដុះ​ដើម្បី​បង្គ្រប់​តែ​ហូប ឈានទៅដល់​ការប្រមូល​ផល​ដើម្បី​លក់​បន្ត​។​
​សូមបញ្ជាក់ថា មាន​ប្រជាជន​ប្រហែលជា​៨០០​លាន​នាក់ ដែល​រស់នៅក្នុង​ភាពក្រីក្រ ហើយ​ដែល​ភាគច្រើន​លើសលប់ គឺជា​កសិករ​ដែលមាន​ដីស្រែ​ចំការ​បន្តិចបន្តួច កុំថាឡើយ​ដាំ​ដុះ​យកទៅលក់ សូម្បីតែ​ហូប​មាត់​ឯង​មិន​គ្រប់​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កសិករ​ក្រីក្រ​ទាំងនោះ ជានិច្ច​ជា​កាល រស់នៅក្នុង​ប្រទេស​ដែល​ពុំមាន​ការការពារ​ផ្លូវច្បាប់ ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ដែល​ធ្វើ​ឲ្យ​ពួគគេ ក្លាយជា​ជនរងគ្រោះ ដោយ​ការរំលោភបំពាន​យក​ដីធ្លី ពី​សំណាក់​ក្រុមហ៊ុន​វិនិយោគ​បរទេស និង​អាជ្ញាធរ ដែល​ឃប់ឃិត​ដោយ​អំពើពុករលួយ​៕ ប្រភព ៖ rfi

Untitled-1ស្បៀងអាហារ​ប្រមាណ ៨០% នៅ​ទូទាំង​ពិភពលោក គឺ​ផលិត​ចេញពី​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ (FAO)