ភ្នំពេញ៖សាលក្រមសំណុំរឿងមួយក្នុងចំណោម ៧សំណុំរឿងរបស់ លោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញព្រមទាំងគូកន៣នាក់ទៀតត្រួវតុលាការកំពូលប្រកាសកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ នេះដោយចោទប្រកាន់ពីបទមនុស្សឃាត។
ប្រភពបានរាយការណ៍ថា នេះជាសំណុំរឿងឃាតកម្មគិតទុកជាមុន និងសមគំនិតពាក់ព័ន្ធការប៉ុនប៉ងសម្លាប់លោកចៅក្រម សុក សេដ្ឋាមុន្នី កាលពីចុងឆ្នាំ២០០៣ កន្លងមក។ ការប្រកាសផ្តន្ទាទោសជនជាប់ចោតទាំង០៤រូបនោះ គឺតុលាការច្រានចោលនូវបណ្តឹងសាទុក្ខរបស់ទណ្ឌិតទាំងនោះ ដោយតម្កល់សាលាដីការបស់ សាលាឧទ្ធរណ៍ដែលបានសម្រេចប្រកាសតម្កល់សាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ។
ប្រភពដដែលបញ្ជាក់ថា សំណុំរឿងជនរងគ្រោះឈ្មោះ សុក សេដ្ឋាមុន្នី ចៅក្រមតុលាការកំពូលដែលត្រូវឃាតករបាញ់សម្លាប់ក្នុងកំឡុងឆ្នាំ២០០៣ នៅក្នុងរាជធានីភ្នំពេញនោះ ត្រូវតុលាការបានរកឃើញកំហុសទណ្ឌិតទាំង៤នាក់ បន្ទាប់ពីមានការស៊ើបអង្កេតស៊ីជម្រៅអស់រយៈពេលជិត៩ឆ្នាំ។
ជនជាប់ចោទក្នុងសំណុំរឿងមនុស្សឃាតគិតទុកជាមុននេះ ត្រូវតុលាការបានកាត់ទោស១-ឈ្មោះលោក ហេង ពៅ ភេទប្រុស អាយុ៥៤ឆ្នាំ ជាអតីតស្នងការរាជធានីភ្នំពេញ ដាក់ពន្ធនាគារចំនួន១៦ឆ្នាំ, ២-ឈ្មោះលោក លី រ៉ាស៊ី ភេទប្រុស អាយុ៤៥ឆ្នាំ អតីតជាមន្ត្រីនគរបាលនៃស្នងការរាជធានីភ្នំពេញ ៣-ឈ្មោះលោក ព្រំ សុធារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ និងទី៤-លោកឈ្មោះ ហង្ស វុត្ថា ភេទប្រុស អាយុ៦០ឆ្នាំ ម្នាក់ៗផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៥ឆ្នាំ ក្នុងបទចោទប្រកាន់ដូចខាងលើ។
លោកចៅក្រមគង់ ស្រ៊ីម បានថ្លែងថា តុលាការកំពូលបានច្រានចោលពាក្យបណ្តឹងសាទុក្ខរបស់ទណ្ឌិតឈ្មោះ ហេង ពៅ ភេទប្រុស អាយុ៥៧ឆ្នាំ មិនចាត់ការ ព្រោះពាក្យបណ្តឹងសាទុក្ខនេះ បានធ្វើឡើងហួសពេលកំណត់នៃច្បាប់ ដូច្នេះតុលាការកំពូលតម្កល់សាលដីកាដែលបានសម្រេចដោយសាលាឧទ្ធរណ៍ ចាត់ទុកជាបានការដដែល៕