ដោយ៖បូរា
ភ្នំពេញ៖គណៈកម្មការសិទ្ធិមនុស្សរបស់នៃសហភាពអន្តរសភា(IPU) នៅក្នុងជំនួបជាមួយក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភាកម្ពុជានៅថ្ងៃទី ១៧ ខែកុម្ភៈ នេះ បានស្នើឱ្យរដ្ឋសភាអនុញ្ញាតឱ្យលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាខាងគណបក្សប្រឆាំងបាននៅក្រៅឃុំ ប៉ុន្តែលោក ឈាង វុន ថាជាករណីតុលាការ។
ក្នុងកិច្ចប្រជុំនៅវិមានរដ្ឋសភានេះ បានផ្សាយសំឡេងចេញមកក្រៅបន្ទប់ប្រជុំនោះ គណៈកម្មការសិទ្ធិមនុស្សរបស់សភាពិភពលោក បានលើកឡើងថា រដ្ឋសភា ឬព្រឹទ្ធសភាអាចបញ្ឈប់យុត្ថាធិការរបស់តុលាការបានលើសំណុំរឿងលោក ហុង សុខហួរ។ប៉ុន្តែលោក ឈាង វុន តំណាងរាស្ត្រគណបក្សកាន់អំណាចដែលបានចូលរួមបានពន្យល់ថា ការឃុំខ្លួនតំណាងរាស្ត្រព្រឹទ្ធសភាគណបក្សសម រង្ស៊ីរូបនេះថា ជាករណីរបស់តុលាការដែលសមាជិកសភាមិនអាចលូកលាន់បាននោះទេ។ករណីដែលអាចធ្វើបានល្គឹកណាសមាជិកព្រឹទ្ធសភា៣ភាគ៤ យល់ព្រមលើកដៃដើម្បីបង្អាក់នូវយុត្ថាធិការរបស់តុលាការ។
សូមបញ្ជាក់ថា គណៈកម្មការសិទ្ធមនុស្សរបស់សហភាពអន្តរសភានេះ បានមកបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជាតាំងពីថ្ងៃចន្ទមក។ គណៈកម្មការនេះ បានជួបពិភាក្សាជាមួយអ្នកនយោបាយធំៗរបស់កម្ពុជា ដូចជាគណបក្សកាន់អំណាច គណបក្សប្រឆាំង ប្រធានព្រឹទ្ធសភា រដ្ឋសភា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអគ្គព្រះរាជ អាជ្ញាអមសាលាឧទ្ធរណ៍ជាដើម។
គួររំឭកថា អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសង្គ្រោះជាតិលោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនដោយចោទប្រកាន់ពីបទផ្សាយឯកសារសន្ធិសញ្ញាកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ក្លែង ៕
លោក ហុង សុខហួរ អតីសមាជិកព្រឹទ្ធសភាពមកពីគណបក្សសមរង្ស៊ី (រូបថត៖RFI)