ខេត្តកំពង់ស្ពឺ៖ មនុស្ស៣នាក់ម្តាយ និងកូន ប្រុសបានស្លាប់ក្នុងភ្នក់ភ្លើង យ៉ាងអាណោច អាធ័មដោយសារភ្លើងឆេះផ្ទះ ខណៈដេកលង់ លក់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅក្នុងភូមិតាព្រះ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានប្រាប់អ្នកកាសែតថា ជនរងគ្រោះដែលស្លាប់រួមមានៈ ឈ្មោះ ខឹម មុត ភេទស្រី អាយុ៤៧ ឆ្នាំ មានប្ដីឈ្មោះ សឿន ទឹម អាយុ៤៩ឆ្នាំ មានកូន៥នាក់ក្នុងបន្ទុក ស្រី២ប្រុស៣។ ចំណែកកូនដែលស្លាប់ជាមួយម្ដាយមាន ឈ្មោះសឿន ឡុង ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះសឿន ឡាវ អាយុ១១ឆ្នាំ អ្នកទាំង២រស់នៅជាមួយម្ដាយ រីឯ៣នាក់ទៅធ្វើការនៅភ្នំពេញ។
លោកបន្តថា នៅមុនពេលកើតហេតុគេបានឃើញ ឆេះចេញពីកន្លែងចតឡាន និងបានឆេះរាលទៅដល់ផ្ទះធំដែលមនុស្ស៣នាក់ កំពុងលង់លក់ក្នុងដំណេកនៅលើនោះ។ ពេលភ្លើងកំពុងឆេះគេបានឮសំឡេងស្រែកឱ្យជួយដែរ តែមិនមានអ្នកហ៊ានចូលទៅជួយឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ព្រោះភ្លើងកំពុងមានអំណាចសន្ធោសន្ធៅខ្លាំងណាស់ ហើយមួយសន្ទុះក្រោយមកក៏បាត់សំឡេងឈឹងតែម្ដង។
លោកអធិការនគរបាលស្រុកភ្នំស្រួច បានបដិសេធករណីដាក់ការសង្ស័យថាអគ្គិភ័យនេះ អាចបណ្តាលមកពីមានមនុស្សលួចដុតច្រើនជាងករណីទុស្សេខ្សែភ្លើង ព្រោះពេលភ្លើងឆាបឆេះគេ បានឮសំឡេងអង្រួនទ្វារផ្ទះដែរ តែមិនរបើក ដែលអាចមានអ្នកលួចដុតបានយកខ្សែចងទ្វារពីក្រៅទើបជនរងគ្រោះបើកទ្វារមិនបាន។ ឯអ្នកខ្លះទៀតថាបណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយជនរងគ្រោះភ្ញាក់ពីដេកភ័យស្លន់ស្លោបើកទ្វារមិនចេញទើបត្រូវភ្លើងឆេះស្លាប់ទាំង៣នាក់ម្ដាយ និងកូនបែបនេះ។
លោកអធិការបន្តថា ផ្អែកតាមការស្រាវជ្រាវ និងត្រួតពិនិត្យនៅកន្លែងកើតហេតុ គឺសមត្ថកិច្ចរកឃើញ ថាបណ្ដាលមកពីឆ្លងចរន្ដភ្លើងអាគុយ រថយន្ដ ព្រោះផ្អែកតាមការបំភ្លឺរបស់ សាក្សីនៅជិតកន្លែងកើត ហេតុគេបាន ឃើញឆេះចេញពីកន្លែងដាក់់ឡានមុននឹងឆ្លងរាលទៅដល់ផ្ទះដែលជនរងគ្រោះសម្រាក៕