ចិន​ត្រៀម​បង្ហោះ​មន្ទីរពិសោធន៍​អវកាស​ទី​ពីរ​ទៅក្នុង​តារាវិថី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 February, 2016 ក+ ក-

​ប៉េកាំង​៖​ដើម្បី​ឈានទៅ​សម្រេច​មហិច្ឆតា​អភិវឌ្ឍន៍​កម្មវិធី​អវកាស​របស់ខ្លួន រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​២០១៦​នេះ​មាន​គម្រោង​បង្កើន​បេសកកម្ម​អវកាស​ជាច្រើន​របស់ខ្លួន​។ ជាក់ស្តែង​យានអវកាស ធៀន​គុង ឬ ប្រែ​ថា “​វិមានអាកាស Tiangong2” គ្រោង​នឹង​បង្ហោះ​នៅ​រវាង​ដើម​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​២០១៦​នេះ​។ នេះ​បើតាម​ភ្នាក់ងារ​សារព័ត៌មាន​ចិន​ថ្មី​ចេញផ្សាយ​កាលពី​ម្សិលមិញ​។​
​ការបាញ់​បង្ហោះ​យានអវកាស ធៀន​កុង​ពីរ គឺជា​កម្មវិធី​មួយ​ក្នុង​គម្រោង​អភិវឌ្ឍន៍​វិស័យ​អវកាស របស់​ចិន​ដែល​ចង់​ក្លាយជា​មហាអំណាច​ពេញសិទ្ធិ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​អវកាស ដោយមាន​មហិច្ឆតា​ឈានទៅ​បង្កើត​ឱ្យបាន​នូវ​ស្ថានីយ​អវកាស​អចិន្ត្រៃយ៍​មួយ​ក្នុង​លំហ​តារា​វី​ថី​នៅ​ឆ្នាំ​២០២២​។​
Tiangong 2 ឬ វិមានអាកាស​២ យានអវកាស​ពិសោធន៍ នឹងត្រូវ​បង្ហោះ​ចេញពី កោះ​ហៃ​ណាន់ នៅ​រវាង​ត្រីមាស​ទី​បី​ឆ្នាំ​២០១៦​នេះ ដើម្បី​ទៅ​ត​ភ្ជាប់​ទៅនឹង​យានអវកាស Tianzhou១ នាវា​អាកាស ក្នុង​លំហ​អាកាស​។ កម្មវត្ថុ​នៃ​ការ​បង្ហោះ​មន្ទីរពិសោធន៍​វិមានអាកាស​២ នេះ គឺ​ដើម្បី​ធ្វើតេស្ត​សាកល្បង​បច្ចេកវិទ្យា​នៃ​ជីវិត​នៅក្នុង​តារាវិថី​។​
​បន្ទាប់មក នៅក្នុង​ត្រីមាស​ទី​បួន​ឆ្នាំនេះ​ដដែល ប៉េកាំង​ក៏​នឹងត្រូវ​បង្ហោះ​យានអវកាស​មួយទៀត ឈ្មោះថា Shenzhou ១១ (​នាវា​ទេវតា​) ដែលមាន​ផ្ទុក​អវកាសយានិក​ពីររូប ទៅជា​មួយ ដើម្បី​ភ្ជាប់​ខ្លួន​នឹង​យានអវកាស​វិមានអាកាស​២​ទៅ​ពង្រឹង​ស្ថានីយ​អវកាស​។ យានអវកាស​ដែលជា​មណ្ឌល​សំខាន់​នៃ​អនាគត​ស្ថានីយ​អវកាស​ចិន​នឹងត្រូវ​បង្ហោះ​ទៅ​នៅ​ឆ្នាំ​២០១៨៕

Tiangong_fusee-chine_0