ខេត្តបាត់ដំបង ៖ កុមារីម្នាក់ដែលទើបតែមានអាយុ៤ឆ្នាំបានរងរបួសនៅត្រង់ក្រោមភ្នែក រហូតដល់គុម្ពត្រចៀកខណៈដែលក្មេងស្រីរូបនេះកំពុងតែលេងនៅលើពំនូកខ្សាច់ស្ថិតនៅភូមិអង់ សង្កាត់អូរចា ក្រុងបាត់ដំបងក៏ត្រូវជនសង្ស័យដែលគេបានស្គាល់ថា៖ ជាអភិបាលរងក្រុងបាត់ដំបងយកបន្ទះក្ដារគប់ទៅលើផ្ទៃមុខរបស់នាងតែម្ដង បណ្តាលឲ្យមានស្លាកស្នាម។
ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែសំណុំរឿងនេះ ត្រូវបានសមត្ថកិច្ចចូលរួមសមគំនិត ជាមួយលោកអភិបាលរងក្រុងមិនចាត់ការឡើយ។ បើទោះជាអាណាព្យាបាលក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការនគរបាលក្រុងរួចហើយក្ដី។
ប្រភពព័ត៌មានពីអាណាព្យាបាលក្មេងស្រីរងគ្រោះបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺកូនរបស់ខ្លួនឈ្មោះ និល ឡូងអី អាយុ៤ឆ្នាំ បានទៅលេងលើពំនូកដីខ្សាច់ជាមួយកុមារាម្នាក់ជាកូនប្រុសរបស់លោក លោក ឌី ពៅ អភិបាលរងក្រុងបាត់ដំបងតែក្រោយមកស្រាប់តែគេឮសំឡេងកូនស្រីរបស់គាត់យំស្រែកយ៉ាងខ្លាំង ក៏បានរត់ទៅមើលឃើញកូនស្រីរបស់គាត់មានស្នាមរបួសក្រោមភ្នែកឆ្វេង មកដល់ត្រចៀកខាងឆ្វេងដួលនៅលើដីខ្សាច់ហើយបុរសដែលត្រូវជាឪពុកបានសួរកូនស្រីថា អ្នកណាវាយឯង នាងបានឆ្លើយថា “អ៊ំ ពៅ ប៉ាអាតាក់ បានយកបន្ទះក្ដារគប់ទៅលើផ្ទៃមុខ។
គាត់ក៏សួរកូនគាត់ថា មានរឿងអីកូនស្រីឆ្លើយទាំងយំថា អត់ដឹងអីទេគឺគ្មានរឿងអ្វីទាំងអស់ បន្ទាប់មកគាត់បានដឹកកូនទៅមន្ទីរពេទ្យឯកជន ហួត សុគុណ តែម្ដងដើម្បីព្យាបាលព្រមទាំងបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានផងដែរ ដើម្បីឲ្យជួយរកយុត្តិធម៌៕