ឃុំ​សមាជិក​ក្រុម​ចលនា​រណសិរ្ស​រំដោះ ជាតិ​ខ្មែរ​១០​នាក់​ពាក់ព័ន្ធ​ប៉ុនប៉ង​រំលំ​រដ្ឋាភិបាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2014 ក+ ក-

​ភ្នំពេញ​៖ មនុស្ស​ប្រមាណ​១០​នាក់​ក្នុង​ក្រុម​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប​ញ្ជួ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ស៊ើបសួរ កាលពី​វេ​ល​ម៉ោង​៣​រសៀល​ថ្ងៃ ទី​២៤ ខែតុលា​នេះ​។​

សេចក្តីរាយការណ៍​បានឱ្យដឹងថា សមាជិក​ក្រុម​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ទាំង​១០​នាក់​នោះ​មានដូចជា ៖ ១-​ឈ្មោះ ឈុន ណា​គង់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ២-​ឈ្មោះ លីវ យី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៣-​ឈ្មោះ ឈុន ឆាត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ៤-​ឈ្មោះ​ឡា​ត់ លី​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៥-​ឈ្មោះ ច្រាញ់ ម៉ុ​ច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៦-​ឈ្មោះ ឆាយ វិច ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ៧-​ឈ្មោះ​ឈឹម ស្ម័គ្រ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ៨-​ឈ្មោះ ចាន់ រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៩-​ឈ្មោះ អាន ចាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​១០-​ឈ្មោះ​ចាន់ ស្នា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។

ជនជាប់សង្ស័យ​ទាំង​១០​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​សន្តិសុខ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កំលាំង​មូល​ដ្ឋា​បើក​កិច្ចប្រតិបត្តិការ​ចាប់ខ្លួន កាលពី​វេលាយប់​ថ្ងៃទី​២២-២៣ ខែតុលា ឆ្នាំ​២០១៤ នៅ​ទឹកដី​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

លោក​គៀត ច​ន្ទ័​ថា​រិ​ទ្ធ អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មានប្រសាសន៍ថា ពួកគេ​ទាំង​១០​នាក់ គឺជា​សមាជិក​ក្រុម​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែល​បង្កើត​ឡើយ​ដោយ​ឈ្មោះ សម សេរី ហៅ ស សេរី ហៅ​យាន យៀប និង​បក្សពួក​១​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក​។​

ចលនា​ក្រុម​នេះ​ត្រូវបាន​គេ​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១២ នៅ​ប្រទេស​ថៃ​។ ក្រុម​នេះ​ត្រូវបាន​ចោទប្រកាន់ថា បានធ្វើ​សកម្មភាព​បាច​ខិត្តប័ណ្ណ​ប្រឆាំងនឹង​ប្រមុខ​រាជរដ្ឋាភិបាល ហ្វឹកហាត់​កម្លាំង​ភេ​វរ​កម្ម ដាក់​គ្រឿងផ្ទុះ​ដោយ​សម្ងាត់​នៅតាម​ជាយដែន​ប្រទេស​ថៃ​។ កសាង​បណ្តាញ​នៅ​កម្ពុជា ដើម្បី​ប្រមូល​ព័ត៌មាន និង​បញ្ជូន​ព័ត៌មាន​ចេញទៅ​ឲ្យ​មេខ្លោង​នៅក្រៅ​ប្រទេស ដែល​ចលនា​នេះ​គឺមាន​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ប្រភព​បន្តថា ជនជាប់សង្ស័យ​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាននិងកំពុង​ដំណើរកា​រ​ក្នុងការ​សាកសួរ ដើម្បី​រក​បទល្មើស​ចោទប្រកាន់​ជា​ផ្លូវការ សំរាប់​ប្រគល់ជូន​ទៅខាង​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​រង់ចាំ​បើកសវនាការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕
Untitled-1