ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា ហៅកាត់ថា (ក.អ.ក) សម្ដែងការព្រួយ បារម្ភយ៉ាងខ្លាំងអំពីសេរីភាពនៃ ការបញ្ចេញមតិ និងសុវត្ថិភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា បន្ទាប់ពីបានតាមដានស្ថានភាពសារព័ត៌មាន និងបានសង្កេតឃើញថា មួយរយៈចុងក្រោយនេះ ក្រុមអ្នកសារព័ត៌មានបាន និងកំពុងប្រឈមមុខយ៉ាងស្រួចស្រាល់ជាមួយក្រុម ឈ្មួញរកស៊ីឈើខុសច្បាប់ និងក្រុមបទល្មើសនេសាទ។
យោងតាមសេចក្តីថ្លែងការណ៍របស់ ក.អ.ក ចុះថ្ងៃទី២៤ ខែតុលា បានឲ្យដឹងថា កន្លងទៅនេះមានអ្នកសារព័ត៌មានជាបន្តបន្ទាប់ត្រូវក្រុមរកស៊ីឈើ បាញ់សម្លាប់ និងត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនក្រោមលេសពាក់ព័ន្ធបទកំហែងយក។ ជាក់ស្តែងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ កម្លាំងនគរបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានចាប់ខ្លួនអ្នកកាសែត ០២រូបទៀត គឺលោក ញ៉េប ចាន់ដារី អ្នកយកព័ត៌មានកាសែតជាតិ និងលោក ញឹប ពិសី ហៅ ខេមរា អ្នកយកព័ត៌មានកាសែត ឥទ្ធិពលខ្មែរ ដោយចោទប្រកាន់ពីបទកំហែងយកលុយចំនួន ៤០ម៉ឺនរៀលពីឈ្មួញឈើដ៏ល្បីម្នាក់ ប្រចាំតំបន់នេះ។ ការចាប់ខ្លួនអ្នកកាសែតនេះ ធ្វើឡើងបន្ទាប់ពីអ្នកកាសែតម្នាក់ ត្រូវក្រុមឈ្មួញឈើខុសច្បាប់បាញ់សម្លាប់នៅក្នុងខេត្តមួយនេះផងដែរ។
ក.អ.ក បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពខាងលើនេះ ហើយកត់សម្គាល់ ថាអ្នកសារព័ត៌មានកំពុងទទួលរងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនិងភាព អយុត្តិធម៌ ក្នុងការបំពេញវិជ្ជាជីវៈ ខណៈដែលក្រុមឈ្មួញរកស៊ីឈើល្មើសច្បាប់កំពុងតែប្រកបមុខរបរយ៉ាងសកម្ម និងដោយសុវត្ថិភាព។
ក.អ.ក ថ្កោលទោសចំពោះក្រុមឈ្មួញដែលកំពុងប្រព្រឹត្តបទល្មើសបំផ្លាញព្រៃឈើ និងបរិស្ថានរួមទាំងមន្ត្រី ដែលបានឃុបឃិតជាមួយក្រុមល្មើសទាំងនោះ។ ទន្ទឹមនោះ ក.អ.ក សូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់ថ្នាក់បង្ហាញនូវតម្លាភាព ក្នុងការអនុវត្តច្បាប់ដោយជៀសវាងភាពមិនប្រក្រតីនៃ ការអនុវត្តច្បាប់ដែលនាំឲ្យប៉ះពាល់ដល់អាជីពអ្នកសារព័ត៌មាន។
ក.អ.ក ក៏សូមទទូចជាថ្មីម្តងទៀត ចំពោះអ្នកសារព័ត៌មាននៅកម្ពុជាទាំងអស់ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញការងារ ដើម្បីចៀសវាងរាល់ទង្វើនាំឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់អ្នកសារព័ត៌មាន។
ក.អ.ក គឺជាអង្គការឯករាជ្យមានបេសកកម្មបម្រើផលប្រយោជន៍ និងការពារអ្នកកាសែតព្រមទាំងលើកកម្ពស់សេរីភាពសារព័ត៌មាន និងពង្រឹងវិជ្ជាជីវៈសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា៕