ភ្នំពេញ៖ ថ្ងៃទី១៤មីនានេះតារាសម្តែងស្រីសាច់ខ្ចីគួរឲ្យខ្នាញ់កញ្ញា គង់ ចាន់ស្រីមុំ បានដឹកដៃគូស្នេហ៍លោក គឺម សីហា ចូលរោងការជាផ្លូវការហើយ។ តារាស្រី និងតារាប្រុសដែលល្បីខាងមុខជំនួញជាច្រើនមុខទាំងពីរនាក់គ្រោងត្រៀមកញ្ចប់ថវិកាប្រមាណជាង១០ម៉ឺនដុល្លារដើម្បីរៀបចំពិធីមង្គលការនេះ។
ចំណងស្នេហ៍ ៩ឆ្នាំរបស់ គឹម សីហា និង គង់ ចាន់ស្រីមុំ បានឈានដល់ដំណាក់កាលក្រាបផ្ទឹមដល់កន្ទេលតាមទំនៀមទម្លាប់ខ្មែរ។ក្រោយពីប្រកាសទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរជិតមួយទសវត្សរ៍មក គឹម សីហា និងគង់ ច័ន្ទស្រីមុំ បានរួមគ្នាបោះទុនបើកមុខជំនួញជាច្រើនដូចជាបើកដំណើរការហាងលក់សំលៀកបំពាក់ នាំចូលទឹកអប់ម៉ាកផ្ទាល់ខ្លួន បើកដំណើរការភោជនីយដ្ឋានជាដើម។ ចំណងស្នេហ៍របស់ពួកគេមិនងាយប្រឈមនឹងភាពរង្គោះរង្គើទេខណៈដែលកន្លងទៅមានបុរសជាច្រើនព្យាយាមទាក់ទងសុំស្នេហ៍ពី គង់ ចាន់ស្រីមុំ ដោយហ៊ានចំណាយធនធានដ៏ក្រាស់ក្រែលប៉ុន្តែមិនបានសម្រេច។
តារាសម្តែងគង់ ចាន់ស្រីមុំ បញ្ជាក់ថា នាងបានចំណាយពេលតែមួយខែប៉ុណ្ណោះដើម្បីរៀបចំមង្គលការនេះ ព្រោះពីដំបូងនាងមិនទាន់បានគិតគូរពីការរៀបការហ្នឹងទេប៉ុន្តែចាស់ទុំទាំងសងខាងបានទៅគន់គូររកវេលា ហើយក៏មានតែថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៦ នេះមួយថ្ងៃគត់ដែលល្អទើបមិនត្រូវរង់ចាំទៀត។
តារាស្រីវ័យ ២៦ ឆ្នាំរូបនេះ បានបញ្ជាក់បន្ថែមថា នាងនិងអនាគតស្វាមីគ្រោងចំណាយប្រមាណជាង១០ម៉ឺនដុល្លារសម្រាប់ពិធីមង្គលការនាងបើទោះបីជាពិធីមង្គលការនេះមានតែរយៈពេលមួយថ្ងៃក្តី។ នាងបន្តថា ពិធីក្រុងពាលី និងសូត្រមន្តធ្វើឡើងនៅព្រឹកថ្ងៃទី ១៤ នោះតែម្ដងដោយគ្មានពិធីហែរជំនួន ប៉ុន្តែបានរៀបចំរួចទុកជាស្រេច។ ដោយឡែកពិធីបំពាក់ចិញ្ចៀន និងពិធីផ្សេងៗដទៃទៀត ធ្វើឡើងជាធម្មតា។ នាងថាការចំណាយខ្ពស់ទៅលើសម្ភារៈតុបតែង ពិសេសគឺពិធីទទួលភ្ញៀវ និងអាហារត្រូវបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ សូហ្វីតែល ភ្នំពេញ ភូគីត្រា ហើយបានរៀបចំកាដូយ៉ាងពិសេសដោយផ្ទាល់ដៃសម្រាប់ទុកជូនភ្ញៀវថែមទៀតផង។ នាងបន្តទៀតថា ការចំណាយទៅលើការៀបចំពិធីការ សម្អាងការ ជាងថតរូបជំនាញ ថ្លៃអាហារ និងកាដូសម្រាប់ភ្ញៀវរាប់រយនាក់នោះគឺជាការរៀបចំពិសេសដោយនាងនិងអនាគតស្វាមីផ្ទាល់ហើយការចំណាយទាំងនេះមិនបូកបញ្ចូលតម្លៃចិញ្ចៀនពេជ្រតម្លៃជាង១០ម៉ឺនដុល្លារដែល គឹម សីហា ទិញជូនកាលពីថ្មីៗនោះឡើយ៕